ព័ត៌មានអន្តរជាតិ

វៀតណាម ឈប់កាត់ទោសប្រហារជីវិត ទៅលើបទល្មើសជួញដូរគ្រឿងញៀន ការស៊ីសំណូក និងការកេងបន្លំ

VN Express

បរទេស៖ ការស៊ីសំណូក ការកេងបន្លំ និងការរត់ពន្ធគ្រឿងញៀន នឹងលែងមានទោសប្រហារជីវិត ក្នុងប្រទេសវៀតណាមទៀតហើយ បន្ទាប់ពីសមាជិកសភា បានអនុម័តលើកំណែទម្រង់ច្បាប់ ដ៏ទូលំទូលាយកាលពីថ្ងៃពុធ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋសភានីតិកាលទី១៥ បានអនុម័តច្បាប់ស្តីពីវិសោធនកម្ម និងបន្ថែមលើមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ ដែលក្នុងនោះទោសប្រហារជីវិត ចំពោះបទល្មើសព្រហ្មទណ្ឌចំនួន ៨ គឺត្រូវបានលុបចោល។

រដ្ឋសភាលុបចោលទោសប្រហារជីវិត សម្រាប់បទល្មើសព្រហ្មទណ្ឌចំនួនប្រាំបី រួមមាន ឧក្រិដ្ឋកម្មដែលមានគោលបំណងផ្តួលរំលំរដ្ឋាភិបាលរបស់ប្រជាជន, ឧក្រិដ្ឋកម្មនៃការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរដ្ឋ និងមធ្យោបាយបច្ចេកទេស, ឧក្រិដ្ឋកម្មនៃការផលិត និងជួញដូរឱសថក្លែងក្លាយសម្រាប់ការព្យាបាល និងបង្ការ, ឧក្រិដ្ឋកម្មបំផ្លាញសន្តិភាព និងបង្កសង្គ្រាមឈ្លានពាន, ឧក្រិដ្ឋកម្មនៃចារកម្ម, ការដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់; ការក្លែងបន្លំ និងការទទួលសំណូក។

វាក៏រួមបញ្ចូលផងដែរនូវបទប្បញ្ញត្តិអន្តរកាល ៖ ការកាត់ទោសប្រហារជីវិត ដែលប្រកាសមុនថ្ងៃទី១ ខែកក្កដា សម្រាប់ជនដែលត្រូវបានកាត់ទោស ពីឧក្រិដ្ឋកម្មទាំងប្រាំបីខាងលើ ប៉ុន្តែមិនទាន់ត្រូវបានប្រហារជីវិត នឹងមិនត្រូវបានអនុវត្តទៀតទេ ។ ប្រធានតុលាការប្រជាជនកំពូល នឹងសម្រេចប្តូរទោសប្រហារជីវិតមក ដាក់ពន្ធនាគារអស់មួយជីវិត ។

ច្បាប់ថ្មីដែលចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដា ក៏បង្កើនការផ្តន្ទាទោស ដាក់ពន្ធនាគារអប្បបរមា សម្រាប់បទល្មើសមួយចំនួនទាក់ទងនឹងបរិស្ថាន សុវត្ថិភាពចំណីអាហារ និងគ្រឿងញៀន ខណៈដែលការផាកពិន័យទ្វេដង សម្រាប់ឧក្រិដ្ឋកម្មទាក់ទងនឹងបរិស្ថាន៕
ប្រែសម្រួលៈ ណៃ តុលា

To Top