ព័ត៌មានជាតិ

សម្តេចធិបតី ៖ ថៃលឹបលរៗជារឿងថៃ តែកម្ពុជា បើបិទទ្វារព្រំដែនហើយ គឺបិទអចិន្ត្រៃយ៍

ភ្នំពេញ ៖ សម្តេចធិបតី​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ចំពោះការបិទបើកៗច្រកព្រំដែនលឹបលរៗ ដោយភាគីថៃ គឺជារឿងរបស់ប្រទេសថៃ ប៉ុន្តែចំពោះកម្ពុជា បើបិទហើយ គឺបិទអចិន្ត្រៃយ៍ ដោយមិនលេងសើច ហើយហ៊ានធ្វើហ៊ានទទួលខុសត្រូវ ។

ការថ្លែងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងបន្ទាប់ពីបញ្ហាព្រំដែន កម្ពុជា-ថៃ បន្តឡើងកម្តៅ ដោយភាគីថៃ បានសម្រេចបិទច្រកព្រំដែន ទាំងអស់ជាមួយកម្ពុជា ប៉ុន្តែមិនបានប៉ុន្មានផង ក៏មានការបើកមកវិញ ក្នុងរូបភាពមួយ ដើម្បីថតរូប និងចង់ចោទប្រកាន់កម្ពុជា ចំពោះបញ្ហានេះ ដើម្បីឱ្យអន្តរជាតិ មើលមកកម្ពុជា ក្នុងផ្លូវមិនល្អណាមួយ ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់, បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល, បរិញ្ញាបត្រគ្រប់គ្រងពន្ធនាគារ និងវិញ្ញាបនបត្រជូនដល់ សិស្ស និង និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី បានគូសបញ្ជាក់ថា ជាដំបូងនាយករដ្ឋមន្ត្រីថៃ បានចេញមកប្រកាស​ថា ការបិតព្រំដែនជាមួយ កម្ពុជា ដោយខ្លាចថា មានឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសករណីឆបោក តាមប្រព័ន្ធអនឡាញ បង្កគ្រោះថ្នាក់ដល់ប្រទេសខ្លួន ចេញពីប្រទេសកម្ពុជា ដោយអនុញ្ញាតឱ្យតែសិស្ស និងអ្នកជំងឺធ្ងន់ចូលតែប៉ុណ្ណោះ ។

បន្ថែមលើនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ប៉ុន្តែផ្ទុយនឹងការប្រកាសរបស់នាយករដ្ឋមន្ត្រីថៃ ស្រាប់តែអ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ចេញមកប្រកាសថាខ្លួនមិនបានបិទច្រកព្រំដែនជាមួយកម្ពុជានោះទេ ។

ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា តាមរយៈការរាយការណ៍ ពីអគ្គនាយកអន្តោរប្រវេសន៍ បញ្ជាក់មកសម្តេចថា ថៃពិតជាបើកមែន បើកទ្វាររបង ដើម្បីថតរូប តែហាមមនុស្សចូលដដែរ ដើម្បីថតមកថាខ្មែរខុស ។

សម្តេចធិបតី មានប្រសាសន៍ថា “ខ្ញុំថា វាសនា យើងអត់លេងតាមគេទេ យើងបិទដឹងតែបិទ អត់ឱ្យបើកច្រក ខ្មែរ អត់លេងសើច អត់លេងលឹបលរទេ បើហ៊ានធ្វើហ៊ានទទួលខុសត្រូវ ហើយយើងប្រកាសថ្ងៃ២០រួចហើយ បើអ្នកឯងបិទ យើងនឹងបិទអចិន្ត្រៃយ៍ រហូតទាល់តែអ្នកឯងបើកប្រក្រតីឡើងវិញ យើងអត់លេងទេ បើយើងបិទបើកតាមគាត់ បានន័យថា មិនដឹងពេលណាគាត់ចប់ ចឹងបើសិនជាអ្នកចង់លឹបលរៗ ធ្វើទៅ ប៉ុន្តែកម្ពុជា បើយើងបិទហើយ គឺបិទជាអចិន្ត្រៃយ៍ រហូតទាល់តែថៃបើកច្រកជាឯកតោភាគី ដូចមុនថ្ងៃ៧ ខែមិថុនា ឆ្នាំ២០២៥ឡើងវិញ ទើបយើងបើកតាមក្រោយ ឱ្យទៅប្រក្រតី ហើយនេះគឺយើងចង់បាន”

To Top