ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ការផលិតមូលធនមនុស្ស ដែលពោរពេញដោយសមត្ថភាព គឺជាអាទិភាពចម្បងបំផុត របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដូចមានចែងក្នុងមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ដូច្នេះ «ដើម្បីបណ្តុះបានមនុស្សពូកែ ទាល់តែមានគ្រូខ្លាំង» ។

លោក ប៉ែន បូណា នៅចំពោះមុខគរុនិស្សិតសរុបប្រមាណជិត ៧០០នាក់ ដែលបានមកចូលរួមស្តាប់ បាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នាព្រឹកថ្ងៃ២៦ មិថុនា បានលើកឡើងថា គរុសិស្ស និងគរុនិស្សិត គឺជាអនាគតអ្នកបណ្តុះបណ្តាល ធនធានមនុស្សជំនាន់ក្រោយ ។ ដូច្នេះ ប្រាកដណាស់ថា យុវជនត្រូវតែជាគំរូទាំងចំណេះជំនាញ ទាំងសីលធម៌ សុជីវធម៌ និងសុខភាព។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានជំរុញលើកទឹកចិត្តឲ្យគរុនិស្សិតទាំងអស់ក្លាយខ្លួនទៅជាមូលធនមនុស្សពិតប្រាកដ ដូចមានចែងក្នុងមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មុននឹងឈានជើងចូលក្នុងថ្នាលបណ្តុះបណ្តាល អ្នកជំនាន់ក្រោយ ។ «មូលធនមនុស្ស ដែលរាជរដ្ឋាភិបាលចង់បាន គឺជាមនុស្សដែលមានចំណេះជំនាញខ្លាំងពូកែយ៉ាងតិចមួយ មានទាំងជំនាញទន់ ទាំងសីលធម៌ល្អ និងសុខភាពមាំមួន»។

សូមបញ្ជាក់ថា បាឋកថានេះ មានគោលបំណងបញ្ជ្រាប ការយល់ដឹងដល់និស្សិត ពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណ របស់រដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តដល់គរុនិស្សិត ក្នុងការអភិវឌ្ឍមូលធនមនុស្ស ដ៏ពេញលេញ យល់ដឹងពីជ្រុងនៃព័ត៌មាន ដើម្បីជាប្រភព នៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងលើកកម្ពស់ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ឲ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពល់ ៕




