ព័ត៌មានជាតិ

បញ្ជាការ​ដ្ឋាន ​សឹក​រង​កំពង់​ធំ​ បន្តសហការ​ជាមួយ​កម្លាំង​ចម្រុះ​ បង្ក្រាប​ឧបករណ៍​ល្មើស​នេសាទ ​ខុស​ច្បាប់​ក្នុង​រដូវ​ហាម​ឃាត់​!

កំពង់ធំ: កម្លំាង​អន្តរាគមន៍ ​នៃ​បញ្ជាការ​ដ្ឋាន ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ នៅថ្ងៃទី ២៦ ខែខែមិថុនា បានសហការ​ជាមួយ​កម្លាំង​ចម្រុះ​បន្តសកម្មភាព​បង្ក្រាប​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ ដែល​នៅ​តែ​បន្ត​កេីតមានឡេីង​ជារៀង​រាល់​ថ្ងៃ​ នៅ​ក្នុង​រដូវ​បិទ​នេសាទ​ នេះ​ ។

លោក​វរសេនីយ៍ទោ​ ទិត​ ចាន់​  និង​លោក​អនុ​សេនី​ឯក​លុយ​ សុភា​ព​ បាន​បញ្ជាក់​ថា​ ជា​រៀង​រាល់​ថ្ងៃ​ កងកម្លំាង​អន្តរាគមន៍​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​សហការ​ជាមួយ​កង​កម្លាំង​ចម្រុះ​ ធ្វើ​សកម្មភាព​ជា​ប្រចាំ​ ក្នុង​ការ​បង្ក្រាប​ និង​បំផ្លាញ​ចោល​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ នូវ​របាំង​សាច់​អួន​ និង​របាំង​ស្បៃ​មុង​ ខុស​ច្បាប់​ ដែល​ច្បាប់​បាន​ហាម​ឃាត់​ដាច់ខាត​មិន​ឲ្យ​ប្រើ​ប្រាស់ ​ក្នុង​រដូវ​បិទ​នេសាទ​ តែ​ក្រុម​ជនល្មើស​មួយ​ចំនួន​ នៅ​តែ​លួច​ធ្វើ​នេសាទ​ខុស​ច្បាប់​ នៅ​ក្នុង​តំបន់​ស្មុគស្មាញ​ ដែល​មាន​ស្មៅ​ ស្រង៉ែ​ ឬកក់​ ដែល​កងកម្លាំង​ចម្រុះ​របស់​យើង​លំបាក ​ក្នុង​ការ​ធ្វើ​ដំណើរ​ និង​បង្ក្រាប​ ។

ឧត្ដមសេនីយ៍ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ អនុ​ប្រធាន​អចិន្ដ្រៃយ៍​ នៃ​គណៈកម្មការ​គ្រប់គ្រង​ ការ​ពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ខេត្តកំពង់​ធំ​ បាន​បញ្ជាក់​ថា​  កន្លង​មក​ កងកម្លាំង​ចម្រុះ​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ និង​ស្ថាប័ន​ជំនាញ​មាន​សមត្ថកិច្ច​ បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ អំពី​ស្ដីពី​ច្បាប់​ជលផល​ និង​លិខិត​បទដ្ឋាន​នានា​ដែល​ហាម​មិន​ឲ្យ​ប្រជា​នេសាទ​ ប្រេីប្រាស​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ ក្នុង​រដូវ​បិទ​នេសាទ​រួច​ហើយ​  តែ​ជន​ល្មើស​មួយ​ចំនួន​ នៅ​តែ​បំពាន​ លួច​ធ្វើ​សកម្មភាព​នេសាទ​ខុស​ច្បាប់​ ដោយ​ប្រើ​ប្រាស់​ឧបករណ៍​ស្បៃ​មុង ​ដែល​មាន​តម្លៃ​ថោក​ ហើយ​ដែល​ច្បាប់​បាន​ហាម​ឃាត់​ដាច់ខាត​ ព្រោះ​វា​បាន​បំផ្លិចបំផ្លាញ​ធនធាន​មច្ឆជាតិ ​សម្រាប់​កូន​ចៅ​យើង​នៅ​ជំនាន់​ក្រោយ​ៗទៀត​ ។

ឧត្ដមសេនីយ៍ទោ​ សោម​ ស៊ុន​ បាន​ដាក់​បទ​បញ្ជាដាច់ខាត​ ដល់កងកម្លាំង​អន្តរាគមន៍ ​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ត្រូវ​បន្ត​សកម្មភាព​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ បង្ក្រាប​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នេះ​ឲ្យ​បាន​ជាដាច់ខាត​ មិន​ឲ្យ​មាន​ការ​កេីតឡេីង​វិញ​ជា​ថ្មី​ទៀត​បាន​ឡើយ​  និង​ត្រូវ​ស្រាវជ្រាវ​វែករកមុខ​ជន​ល្មើសដែល​លួច​ដាក់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ ​ដេីម្បីអប់រំ​ ព្រមាន​ ​ធ្វើ​កិច្ច​សន្យា​ និង​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់​ទៅ​កាន់​តុលាការ​ដោយ​គ្មាន​ការ​លើក​លែង​ឡេីយ​  គឺ​ដើម្បី​ជាផល​ប្រយោជន៍ ​សម្រាប់​ជូន​ដល់សង្គម​ជាតិ​យើង​ទាំង​អស់​គ្នា ​៕ ដោយសំនៀង

To Top