ព័ត៌មានអន្តរជាតិ

លោក Trump និយាយថា មន្ត្រីអាមេរិក និងអ៊ីរ៉ង់ នឹងពិភាក្សាគ្នានៅសប្តាហ៍ក្រោយ នៅពេលដែលបទឈប់បាញ់គ្នាត្រូវបន្ត

xINHUA

បរទេស៖ អ៊ីស្រាអែល និងអ៊ីរ៉ង់ ហាក់ដូចជាគោរពបទឈប់បាញ់ដែលផុយស្រួយសម្រាប់ថ្ងៃទីពីរកាលពីថ្ងៃពុធ ហើយប្រធានាធិបតីអាមេរិក Donald Trump បានអះអាងថា មន្ត្រីអាមេរិក និងអ៊ីរ៉ង់ នឹងពិភាក្សាគ្នានៅសប្តាហ៍ក្រោយ ដែលផ្តល់នូវក្តីសង្ឃឹមយ៉ាងប្រុងប្រយ័ត្នសម្រាប់សន្តិភាពយូរអង្វែង។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump ដែលបានជួយចរចាបទឈប់បាញ់ ដែលបានធ្វើឡើង កាលពីថ្ងៃអង្គារ នៃសង្រ្គាមរយៈពេល១២ថ្ងៃ បានប្រាប់អ្នកយកព័ត៌មាននៅឯកិច្ចប្រជុំកំពូល របស់អង្គការណាតូថា លោកមិនចាប់អារម្មណ៍ជាពិសេស ក្នុងការចាប់ផ្តើមការចរចាឡើងវិញ ជាមួយអ៊ីរ៉ង់ដោយទទូចថា ការវាយប្រហារ របស់សហរដ្ឋអាមេរិក បានបំផ្លាញកម្មវិធីនុយ ក្លេអ៊ែររបស់ខ្លួន។ នៅព្រឹកថ្ងៃដដែល មន្ត្រីអ៊ីរ៉ង់ម្នាក់បានចោទសួរថា តើសហរដ្ឋអាមេរិកអាចជឿទុកចិត្តបានដែរឬទេ បន្ទាប់ពីការវាយប្រហារកាលពីចុងសប្តាហ៍របស់ខ្លួន។

លោក Trump បាននិយាយថា “យើងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ខ្ញុំមិនដឹងទេ” ។ “របៀបដែលខ្ញុំមើលវា ពួកគេបានប្រយុទ្ធគ្នា ហើយ សង្រ្គាមបានបញ្ចប់”

អ៊ីរ៉ង់មិនបានទទួលស្គាល់ការចរចាណាមួយដែលនឹងកើតឡើងនៅសប្តាហ៍ក្រោយនេះទេ បើទោះបីជាបេសកជនមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិកលោក Steve Witkoff បាននិយាយថា មានការទំនាក់ទំនងដោយផ្ទាល់ និងដោយប្រយោលរវាងប្រទេសទាំងពីរក៏ដោយ។ ការចរចារជុំទីប្រាំមួយ រវាងអាមេរិក និងអ៊ីរ៉ង់ គ្រោងធ្វើឡើងនៅដើមខែនេះ ក្នុងប្រទេសអូម៉ង់ ប៉ុន្តែត្រូវបានលុបចោល បន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់។

មុននេះ លោក Trump បាននិយាយថា បទឈប់បាញ់កំពុងដំណើរការ “ល្អណាស់” ហើយបានបន្ថែមថា អ៊ីរ៉ង់ “នឹងមិនមានគ្រាប់បែកទេ ហើយពួកគេនឹងមិនទទួលផលឡើយ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top