ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសជប៉ុន សង្កត់ធ្ងន់លើសារៈសំខាន់ នៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់

kyodo

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya បានសង្កត់ធ្ងន់លើសារៈសំខាន់នៃបទឈប់បាញ់នៅក្នុងជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់ និងការបន្តការសន្ទនាក្នុងអំឡុង ពេលកិច្ចប្រជុំជាមួយសមភាគីនៃក្រុមប្រទេសទាំង៧ របស់លោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក Iwaya បានឲ្យដឹងថា គាត់បានប្រាប់សមភាគី G7 របស់លោក ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងឡាអេថា ប្រទេសជប៉ុននឹងបន្តធ្វើ “កិច្ចខិតខំប្រឹងប្រែងការទូតចាំបាច់ទាំងអស់” លើបញ្ហាមជ្ឈិមបូព៌ា ក្នុងការសម្របសម្រួលជាមួយដៃគូផ្សេងទៀត និងសហគមន៍អន្តរជាតិ។

លោក Iwaya បានប្រាប់អ្នកយកព័ត៌មានថា “នៅពេលដែលពិភពលោក ប្រឈមមុខនឹងបញ្ហាប្រឈមនានា រួមទាំងកិច្ចការនៅមជ្ឈិមបូព៌ា ការរួបរួមនៃ G7 គឺចាំបាច់ក្នុងការដោះស្រាយពួកគេ” ។ រដ្ឋមន្ត្រី G7 បានប្រមូលផ្តុំគ្នានៅទីក្រុងហូឡង់ នៅខាងក្រៅកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់អង្គការណាតូរយៈពេលពីរ ថ្ងៃចាប់ពីថ្ងៃអង្គារ។

កិច្ចប្រជុំនេះបានកើតឡើងភ្លាមៗបន្ទាប់ពីអ៊ីស្រាអែល និងអ៊ីរ៉ង់បានយល់ព្រមលើបទឈប់បាញ់មួយ បន្ទាប់ពីការវាយប្រហារសេងសឹកទៅវិញមក ដែលបានផ្ទុះឡើងកាលពីដើមខែនេះ ដោយកងកម្លាំងអ៊ីស្រាអែល បានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់។

កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ បានកើតឡើងបន្ទាប់ពីការវាយប្រហារ ដោយផ្ទាល់របស់សហរដ្ឋអាមេរិក លើទីតាំងនុយក្លេអ៊ែរសំខាន់ៗ របស់អ៊ីរ៉ង់កាលពីចុងសប្តាហ៍ ដែលបានធ្វើឡើងក្រោមការដឹកនាំ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ លោក Iwaya បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសជប៉ុន យល់ពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិកថា ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្ថយស្ថានការណ៍ ខណៈដែលរារាំងប្រទេសអ៊ីរ៉ង់ ពីការទទួលបានអាវុធនុយក្លេអ៊ែរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top