ប៊ែរឡាំង៖ តាមការអង្កេតរបស់វិទ្យាស្ថាន ifo បានបង្ហាញថា ការរំពឹងទុកលើការនាំចេញក្នុងចំណោមអ្នកផលិតអាល្លឺម៉ង់បានធ្លាក់ចុះក្នុងខែមិថុនា ខណៈគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក បានបន្តថ្លឹងថ្លែងលើផលប៉ះពាល់នៅទូទាំងឧស្សាហកម្មសំខាន់ៗរបស់អាល្លឺម៉ង់ ដោយសារតែការដាក់ពន្ធគយរបស់អាមេរិក។
សន្ទស្សន៍ការរំពឹងទុកការនាំចេញរបស់ ifo បានធ្លាក់ចុះដល់ -៣.៩ ពិន្ទុនៅក្នុងខែមិថុនាពី -៣.០ ក្នុងខែមុន ដែលជាសញ្ញានៃការធ្លាក់ចុះនៃទំនុកចិត្តនៅក្នុងសេដ្ឋកិច្ចដែលជំរុញការនាំចេញរបស់ប្រទេសអាល្លឺម៉ង់។ វិស័យកាត់ដេរបានរាយការណ៍ពីទស្សនវិស័យដ៏អាក្រក់បំផុត ខណៈដែលមនោសញ្ចេតនាក៏ធ្លាក់ចុះយ៉ាងខ្លាំងក្នុងចំណោមអ្នកផលិតអាហារ និងភេសជ្ជៈ ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិតផលិតផលដែក។
វិស័យរថយន្តរបស់ប្រទេសអាល្លឺម៉ង់ ដែលជាមូលដ្ឋានគ្រឹះនៃមូលដ្ឋានឧស្សាហកម្មរបស់ខ្លួនបានប្រឈមមុខនឹងការរំពឹងទុកនៃការនាំចេញដែលខ្សោយជាបន្តបន្ទាប់ ហើយនៅតែប្រឈមមុខជាពិសេសចំពោះភាពតានតឹងពាណិជ្ជកម្ម។ សហរដ្ឋអាមេរិកបានដាក់ពន្ធ ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្តដែលនាំចូលពីសហភាពអឺរ៉ុប រួចហើយ។
លោក Klaus Wohlrabe ប្រធានផ្នែកអង្កេតនៅ ifo បាននិយាយថា៖ «ការគំរាមកំហែងពន្ធពីសហរដ្ឋអាមេរិកគឺនៅតែមានលើតុ។ កិច្ចព្រមព្រៀងរវាងអឺរ៉ុប និងអាមេរិកមិនទាន់ត្រូវបានសម្រេចនៅឡើយទេ ភាពមិនប្រាកដប្រជានេះកំពុងធ្វើឲ្យការរំពឹងទុករបស់អ្នកនាំចេញធ្លាក់ចុះ»។
ទិន្នន័យចុងក្រោយពីការិយាល័យស្ថិតិសហព័ន្ធបានបង្ហាញថាការនាំចេញរបស់អាល្លឺម៉ង់បានធ្លាក់ចុះ ១.៧ ភាគរយពីមួយខែទៅមួយខែនៅក្នុងខែមេសា ខណៈដែលការនាំចេញទៅកាន់សហរដ្ឋអាមេរិកដែលជាទីផ្សារនាំចេញធំបំផុតរបស់អាល្លឺម៉ង់បានធ្លាក់ចុះយ៉ាងខ្លាំង ១០.៥ ភាគរយ៕
ប្រែសម្រួល ឈូក បូរ៉ា
