ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានថ្លែងថា យើងប្រាថ្នាធ្វើជាមិត្ត ប៉ុន្តែគេចិញ្ចឹមចិត្តម្តងហើយម្តងទៀត ដណ្តើមទឹកដីរបស់យើង ។
ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជនភៀសខ្លួន នៅទីទួលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងឱកាសអញ្ជើញសួរសុខទុក្ខ ប្រជាពលរដ្ឋនាពេលនេះ សម្តេចតេជោ បានថ្លែងបញ្ជាក់ថា កម្ពុជា គ្មានអ្វីដែលជាការប៉ងប្រាថ្នា ក្រៅពីមិត្តភាព និងធ្វើជាអ្នកជិតខាងល្អនោះទេ ។
បន្ថែមលើនេះ សម្តេចតេជោ ថ្លែងថា សូមឱ្យបរទេសទាំងឡាយ ដែលប្រកាន់សច្ចធម៌ និងនិយមសន្តិភាព មើលឃើញឱ្យបានច្បាស់ នូវទុក្ខសោកដែលប្រជាជនកម្ពុជា រងគ្រោះដោយសារការឈ្លានពានរបស់កងទ័ពថៃ ។
សម្តេចតេជោ មានប្រសាសន៍ថា “យើងប្រាថ្នាធ្វើជាមិត្ត ប៉ុន្តែគេចិញ្ចឹមចិត្តម្តងហើយម្តងទៀត ដណ្តើមទឹកដីរបស់យើង ឆ្នាំ២០០៨ តទល់គ្នារហូតដល់ឆ្នាំ២០១១ ខាងផ្លូវយោធា និងតទល់គ្នាតាមផ្លូវច្បាប់រហូតដល់២០១៣ ខ្ញុំនឹកស្មានថា សង្គ្រាមនេះ បញ្ហានេះ វាបានបញ្ចប់តាមរយៈនៃការក្តីក្តាំង នៃតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ តាមរយៈការបកស្រាយសាលក្រមតុលាការនោះរួចស្រេចទៅហើយ” ។
ជាមួយគ្នានេះ សម្តេចតេជោ បានគូសបញ្ជាក់ថា ក្នុងរយៈពេលជិត១០ឆ្នាំ ពីឆ្នាំ២០១៤ រហូតមកទល់២០២៣ និង២០២៥នេះ កម្ពុជា ពុំមានរឿងអ្វីកើតឡើងនោះទេ ដោយកាលពីពេលសម្តេចតេជោផ្ទាល់ នៅជានាយករដ្ឋមន្ត្រី និងលោក ប្រាយុតចាន់អ៊ូចារ អតីតនាយករដ្ឋមន្ត្រីរបស់ថៃ កម្ពុជា និងថៃ មានកិច្ចសហការគ្នាបានយ៉ាងល្អ ដោយគ្មានរឿងអ្វីកើតឡើងឡើយ រហូតធ្វើការមួយរយៈ ជាមួយនាយករដ្ឋមន្ត្រីបន្តមកទៀត ក៏គ្មានរឿងអ្វីកើតឡើងដែរ ក៏ប៉ុន្តែជាអកុសលនាយករដ្ឋមន្ត្រីថ្មី ដែលបានកើតឡើង ប៉ុន្មានខែមុននេះ បែរជាកើតរឿងជាអកុសលទៅវិញ៕
