បរទេស៖ អាកាសយានដ្ឋាន អន្តរជាតិភូកេត ប្រទេសថៃ បានរឹតបន្តឹង វិធានការសន្តិសុខ បន្ទាប់ពីមានការ រកឃើញវត្ថុសង្ស័យមួយ ដែលបានរកឃើញ នៅក្នុងម៉ូតូដែលគេបោះបង់ចោល នៅខាងក្រៅស្ថានីយកាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Monchai Tanod នាយកអាកាសយានដ្ឋាន អន្តរជាតិភូកេត កាលពីថ្ងៃព្រហស្បតិ៍ បានដឹកនាំមន្ត្រីប្រតិបត្តិ នៃអាកាសយានដ្ឋាន ដើម្បីធ្វើការត្រួតពិនិត្យនៅនឹងកន្លែង ដើម្បីធានាសុវត្ថិភាព និងស្តារទំនុកចិត្តសាធារណៈឡើងវិញ។
អាជ្ញាធរបាននិយាយថា ការបង្កើននីតិវិធីសន្តិសុខ មានគោលបំណង ធានាសុវត្ថិភាពអ្នកដំណើរ និងអ្នកប្រើប្រាស់សេវាកម្ម បន្ទាប់ពីឧបទ្ទវហេតុកាលពីថ្ងៃពុធ នៅពេលដែលវត្ថុគួរឱ្យសង្ស័យ មួយស្រដៀង នឹងឧបករណ៍ផ្ទុះ ត្រូវបានគេរកឃើញ លាក់ទុកនៅក្នុងម៉ូតូ ។
មន្ត្រីបានបិទទីតាំង ចម្ងាយ ២០០ ម៉ែត្រជុំវិញទីតាំង ដោយអនុលោម តាមពិធីការសុវត្ថិភាព ។ ក្រុមការងារកម្ចាត់ អាវុធជាតិផ្ទុះ (EOD) បានធ្វើការត្រួតពិនិត្យការ បំផ្ទុះជាបន្តបន្ទាប់ ដើម្បីបន្សាបការគំរាមកំហែង។
អាជ្ញាធរអាកាសយានដ្ឋានបាននិយាយថា ឧបទ្ទវហេតុសន្តិសុខ មិនមានផលប៉ះពាល់ ដល់ជើងហោះហើរ ឬប្រតិបត្តិការព្រលានឡើយ។ ពួកគេបានដាស់តឿនអ្នកដំណើរ និងភ្ញៀវទាំងអស់ឱ្យប្រកាន់ខ្ជាប់ នូវវិធានការសន្តិសុខដែលបានពង្រឹង និងសហការជាមួយមន្ត្រី អាកាសយានដ្ឋាន ៕
ប្រែសម្រួលៈ ណៃ តុលា
