ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយអាថ៌កំបាំងរបស់លោក ថាក់ ស៊ីនថា អត់មានឈឺអ្វីនោះទេ ពេលត្រឡប់មកដល់ថៃភ្លាមៗ ប៉ុន្តែដើម្បីគេចចេញពីការឡើងតុលាការ លោកក៏បានសម្តែងធ្វើជាថតរូបពាក់បង់រុំរបួស ក្នុងពេលថតរូបជាមួយសម្តេចក្នុងគ្រា ទៅសួរសុខទុក្ខលោកដល់គេហដ្ឋាននៅថៃ។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា លោក ថាក់ ស៊ីនគ្មានឈឺអ្វីទាំងអស់ ព្រោះសម្តេចជាសាក្សី ដោយសារសម្តេចបានធ្វើដំណើរទៅសួរសុខទុក្ខលោកថាក់ ស៊ីនដល់គេហដ្ឋាននៅទីក្រុងបាងកក បន្ទាប់ពីលោកវិលចូលស្រុកវិញ ក្រោយរត់គេចខ្លួនទៅបរទេសអស់រយៈពេលជាច្រើនឆ្នាំ ។
សម្តេចតេជោគូសបញ្ជាក់ថា “រឿងជំងឺ ថាក់ស៊ីន ដែលតុលាការហៅ ថាក់ ស៊ីនទៅថ្ងៃទី១៣-១៤ ទៅ ។ តុលាការថៃអើយមិនបាច់ចាំស៊ើបអង្កេតអីទេ ខ្ញុំជាសាក្សីមួយ អ៊ុងអ៊ីងក៏ជាសាក្សី ហើយអ៊ុងអ៊ីងក៏ជាពិរុទ្ធភាពអារឿងហ្នឹងដែរ ឃ្លាំង ហួត ក៏ជាសាក្សីមួយ និងម្នាក់ទៀតខ្ញុំមិនបញ្ចេញឈ្មោះទេ ជាជនជាតិថៃ ។ ថាក់ ស៊ីន អត់មានឈឺអីទាំងអស់ ខ្ញុំហោះទៅសួរសុខទុក្ខ ថាក់ ស៊ីន ដល់ពេលថតរូប ត្រូវយកអាប្រដាប់ពាក់ ក ហ្នឹងមកពាក់ អាដៃនេះ យកមកពាក់ ថតរូប ។ ថតចប់ហើយ ដោះចេញទៅស៊ីបាយ ។ អីចឹងអត់ឈឺទេ”។
សម្តេចតេជោបន្តថា ស្មានតែលោក ថាក់ ស៊ីនមានជំងឺពិតប្រាកដ បានជាខំស្វះស្វែងជិះយន្តហោះទៅសួរសុខទុក្ខលោក ថាក់ ស៊ីនដល់ប្រទេសថៃ ។
សម្តេចប្រធានព្រឹទ្ធសភាបន្ថែមថា សម្តេចមិនចង់ទម្លាយអាថ៌កំបាំងអស់ទាំងនេះទេ ប៉ុន្តែត្រូវបង្ខំចិត្តនិយាយ ព្រោះនាយករដ្ឋមន្រ្តីថៃបានក្បត់ទំនុកចិត្តជាមួយសម្តេចមុន។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការសោកស្តាយជាខ្លាំងចំពោះការបាត់បង់មិត្តភាពជាមួយលោក ថាក់ ស៊ីនដែលបានកសាងជាមួយគ្នាជាង៣០ឆ្នាំ ប៉ុន្តែត្រូវបំផ្លាញដោយស្នាដៃកូនស្រីរបស់លោក គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រាដែលគ្មានគុណធម៌៕
