ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ បានលើកឡើងថាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយណាស់ ចំពោះអនាគតប្រជាពលរដ្ឋ និងបានឱ្យរួមគ្នាជាធ្នុងមួយ ជាមួយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ និងការពារបូរណភាពទឹកដីពីចោរឈ្លានពាន ឱ្យបានដាច់ខាត។

ការលើកឡើងបែបនេះ របស់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ បានធ្វើឡើង នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងពិធីប្រកាសសាខាគណបក្ស ភ.ព៨, ភ.ព២៣, ភ.ព២៤, ភ.ព២៥ និងបញ្ចូល សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន៥៧៧រូប នៅមន្ទីរគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

ការប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំង៥៧៧រូបនេះធ្វើឡើង ដោយយោងទៅតាមការស្នើសុំ របស់សាខាគណ បក្ស ភ.ព៨, ភ.ព១១, ភ.ព១២, ភ.ព១៣, ភ.ព១៤, ភ.ព១៦, ភ.ព១៨, ភ.ព១៩, ភ.ព២១,ភ.ព២៣, ភ.ព២៤និងភ.ព២៥។

លោក ឃួង ស្រេង បានលើកឡើងថា បងប្អូនទាំង៥៧៧រូបពិតជាមានសំណាងណាស់ ដែលត្រូវបានរប្រកាសបញ្ចូលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា លើកទី៧៤។គណបក្សប្រជាជនកម្ពុជា មានគុណបំណាច់ធំធេងណាស់សំរាប់ជាតិមាតុភូមិ ដោយបានរំដោះប្រទេសជាតិ ចេញពីចំណុចសូន្យ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឱ្យប្រទេសជាតិ បានសន្តិភាពពេញផ្ទៃប្រទេស ជាមួយនិងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។

លោក ឃួង ស្រេង បានបន្តទៀតថា ក្នុងពេលប្រឈមមុខដាក់គ្នានៅតាមព្រំដែន រវាងកម្ពុជានិងថៃ ទើបយើងបានដឹងនិងឃើញច្បាស់ពីអ្នកស្នេហាជាតិពិតប្រាកដ នោះគឹសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាក្រោម ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនមែនការពារព្រំដែន តែជាមួយការឈ្លានពាន ពីទាហានថៃនោះទេ គឺកម្ពុជាបានការពារគ្រប់ព្រំដែនជិតខាងទាំងអស់ ដោយមិនឱ្យប្រទេសណាមួយ រំលោភបំពានលើបូរណភាពទឹកដីកម្ពុជាបានឡើយ។ សូមឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំមានចក្ខុវិស័យវែងឆ្ងាយ ចំពោះអនាគត់ប្រជាពលរដ្ឋ។ សូមបងប្អូនដែលជា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ត្រូវរួមគ្នាជាធ្នុងមួយ ធ្វើដំណើរជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិយ ក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ និងការពារដាច់ខាត ការពារបូរណភាពទឹកដីឱ្យបានគង់វង់៕











