មីនស៍៖ រុស្ស៊ី និងអ៊ុយក្រែនបានយល់ព្រមរៀបចំការចរចាជុំទីបី បន្ទាប់ពីបានបញ្ចប់ការផ្លាស់ប្តូរអ្នកទោសសង្គ្រាមរបស់ពួកគេ នេះបើយោងតាមការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បន្ទាប់ពីក្រុមប្រឹក្សាសេដ្ឋកិច្ចកំពូលអឺរ៉ាស៊ីនៅទីក្រុងមីនស៍។
លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាធ្វើកិច្ចចរចាជុំទី៣ បន្ទាប់ពីបញ្ចប់ការដោះដូរអ្នកទោសសង្គ្រាម និងការផ្ទេរសាកសពពួកសកម្មប្រយុទ្ធ ដែលបានចរចានៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី ២ ខែមិថុនា។
រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចាជុំថ្មីជាមួយអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល លោកប្រធានាធិបតីបានលើកឡើងថា ដោយកត់សម្គាល់ថាពេលវេលា និងទីកន្លែងនៃកិច្ចចរចាជុំទីបីចាំបាច់ត្រូវយល់ព្រម។
លោក ពូទីន បានបន្ដថា សេចក្តីព្រាងអនុស្សរណៈរវាងរុស្ស៊ី និងអ៊ុយក្រែន ស្តីពីដំណោះស្រាយគួរតែក្លាយជាប្រធានបទនៃការពិភាក្សាក្នុងអំឡុងពេលការចរចាជុំទីបី៕
ប្រែសម្រួល ឈូក បូរ៉ា
