ព័ត៌មានជាតិ

សហគ្រិនខ្មែរ និងសាកលវិទ្យាល័យស្វាយរៀង រៀបចំពិធីបើកដំណើរការ កម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្មនៃគម្រោងសហគ្រិនមហាវិទ្យាល័យ រដូវកាលទី៣

ស្វាយរៀង៖ សហគ្រិនខ្មែរ និង សាកលវិទ្យាល័យស្វាយរៀង នៅព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៥បានរៀបចំពិធីបើកដំណើរការ កម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្មនៃគម្រោងសហគ្រិនមហាវិទ្យាល័យ រដូវកាលទី៣”ដែលមានការ ចូលរួមពី លោកសាស្ត្រាចារ្យទុំ សារាវុធទុំ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង,លោក ម៉ែន ចិត្ត មន្រ្តីជាន់ខ្ពស់ផ្នែកទីផ្សារ និងហិរញ្ញវត្ថុ តំណាងសហគ្រិនខ្មែរ គណៈគ្រប់គ្រង និងលោកគ្រូ-អ្នកគ្រូ តំណាងអង្គភាពនានាជុំវិញខេត្ត តំណាងស្ថាប័នធនាគារ ក្រុមហ៊ុន/សហគ្រាសអាជីវកម្មឯកជន និស្សិត និងភ្ញៀវកិត្តិយស សរុបប្រមាណ ៣៥០ នាក់ ។

កម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មនេះ បាននាំក្រុមនិស្សិតចំនួន ១៥ ក្រុម  ដែលមានសមត្ថភាពធ្វើបទបង្ហាញនូវគំនិតធុរៈកិច្ចថ្មី ដល់ក្រុមគណៈកម្មការដែលជា សហគ្រិនមានបទពិសោធន៍ និងជាអ្នកដឹកនាំក្នុងវិស័យនវានុវត្តន៍ជាច្រើនរូប។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានថ្លែងនូវផ្តាំផ្ញើដល់កម្មវិធីទាំងមូលថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែមទាំងនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល។ កម្មវិធីថ្ងៃនេះនិស្សិត និងអតីតនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀង មានឱកាសបង្កើតនវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»

នៅក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង បានថ្លែងសុន្ទរកថាបើកកម្មវិធី សហគ្រិនមហាវិទ្យាល័យ-ការប្រកួតប្រជែងគំរូអាជីវកម្ម រដូវកាលទី ៣ បានលើកឡើងថា «ធ្វើអ្វីក៏ដោយ ធ្វើឲ្យលះ ធ្វើឲ្យសកម្ម គំរូអាជីវកម្មធ្វើយ៉ាងណាឲ្យផលិតផល ឬសេវាកម្មយើងមានចំណុចពិសេសខុសប្លែកពីគេ ដែលដៃគូមិនអាចធ្វើដូចបាន» ហើយជាសក្តានុពលមួយដែរសម្រាប់ទីតាំងភូមិសាស្រ្តខេត្តស្វាយរៀង សម្បូរទៅដោយតំបន់សេដ្ឋ-កិច្ចពិសេស មានក្រុមហ៊ុនសហគ្រាសច្រើន មានអ្នកវិនិយោគច្រើន ដែលអាចជាឱកាសនៅក្នុងការផ្តល់សេវាគាំទ្រ ទៅដល់បណ្តាលក្រុមហ៊ុន រោងចក្រទាំងអស់នោះ ក៏ដូចជាឱកាសក្នុងការស្វែងរកអ្នកវិនិយោគ ដើម្បីដាក់ទុកលើផែនការអាជីវកម្មយើង (Start-Up)។

បើតាមលោកសាស្រ្តាចារ្យជំនួយ មុំ កេត ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម បានរាយការណ៍អំពីដំណើរការកម្មវិធីដោយឆ្លងកាត់ដំណាក់កាលសំខាន់ៗចំនួន ៥ (វគ្គផ្សព្វផ្សាយ និងចុះឈ្មោះចូលរួម, វគ្គតម្រង់ទិសនិងបណ្តុះបណ្តាលអំពីសហគ្រិនភាព និងផែនការអាជីវកម្ម, វគ្គប្រកួតជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ, វគ្គអភិវឌ្ឍន៍គំរូផលិតផល, វគ្គប្រកួតប្រជែងផ្តាច់ព្រ័ត្រ)។

លោកបានបន្តថា កម្មវិធីប្រកួតប្រជែងគំរូអាជីវកម្ម (Business Model Competition) គឺជាផ្នែកមួយរបស់កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur ) ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តភាព និងសហគ្រិនភាព ទៅកាន់និស្សិត ដោយប្រែក្លាយគំនិតច្នៃប្រឌិតរបស់និស្សិត ឱ្យក្លាយទៅជាផលិតផល ឬសេវាកម្ម ដែលអាចដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាជន, វិស័យសាធារណៈ និង វិស័យឯកជន។

ក្រុមនិស្សិតឆ្នើមដែលជាប់ជ័យលាភី និងមានឱកាស បន្តក្នុងការប្រកួតថ្នាក់តំបន់ និងថ្នាក់ជាតិ (UniPreneur National Challenge ) ដែលឧបត្ថម្ភគាំទ្រ និងសម្របសម្រួលដោយ សហគ្រិនខ្មែរ និងសកលវិទ្យាល័យដៃគូ៕

To Top