វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក នឹងបញ្ចប់កិច្ចចរចាពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសកាណាដា ដោយសារតែពន្ធលើសេវាកម្មឌីជីថលរបស់ប្រទេសកាណាដាលើក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។
កាណាដា ទើបតែបានប្រកាសថា ពួកគេកំពុងដាក់ពន្ធលើសេវាកម្មឌីជីថល លើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដែលជាការវាយប្រហារដោយផ្ទាល់ និងជេរប្រមាថមកលើសហរដ្ឋអាមេរិក នេះបើតាមសម្តីរបស់លោក ត្រាំ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម។
លោក ត្រាំ បានលើកឡើងថា “ដោយផ្អែកលើពន្ធដ៏ធ្ងន់ធ្ងរនេះ យើងកំពុងបញ្ចប់ការពិភាក្សាទាំងអស់ ស្តីពីពាណិជ្ជកម្មជាមួយប្រទេសកាណាដា ដែលមានប្រសិទ្ធភាពភ្លាមៗ” ។
យោងតាមលោក ត្រាំ សហរដ្ឋអាមេរិកនឹងជូនដំណឹងដល់ប្រទេសកាណាដា អំពីពន្ធគយរបស់សហរដ្ឋអាមេរិក ដែលអនុវត្តចំពោះអាជីវកម្មកាណាដាក្នុងរយៈពេល ៧ថ្ងៃបន្ទាប់។ លោក ត្រាំ បានកត់សម្គាល់ថា កាណាដា កំពុងចម្លងសហភាពអឺរ៉ុប ក្នុងការណែនាំពន្ធលើសេវាកម្មឌីជីថល។
សហរដ្ឋអាមេរិកកំពុងចរចាដើម្បីបញ្ចប់កិច្ចចរចាពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មមួយចំនួនធំ ខណៈពេលកំណត់ដែលកំណត់ដោយខ្លួនឯងនៅថ្ងៃទី៩ ខែកក្កដាខិតជិតមកដល់។
ទោះជាយ៉ាងណាក៏ដោយ លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Karoline Leavitt កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា លោក ដូណាល់ ត្រាំ អាចពន្យាពេលកំណត់៕
ប្រែសម្រួល ឈូក បូរ៉ា
