ភ្នំពេញ៖ នៅថ្ងៃទីចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនមីគោកអ៉ីនដូមី (Indomie Cambodia) បានបន្តបំពេញបេសកកម្មសង្គមរបស់ខ្លួន ដោយឧបត្ថម្ភ មីចំនួនសរុប ១០០ កេស ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ សម្រាប់ផ្គត់ផ្គង់កងទ័ពកម្ពុជាតាមព្រំដែន ដែលកំពុងបំពេញបេសកកម្មដ៏សំខាន់នៃការពារប្រទេសជាតិតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ។
ក្នុងពេលប្រគល់ឧបភោគបរិភោគនេះ បានធ្វើឡើងដោយមានការចូលរួមពីសំណាក់ លោក ស៊ិន ចន្ថា តំណាងអោយ ក្រុមហ៊ុនមីគោកអ៉ីនដូមី (Indomie Cambodia) និង ឧត្តមសេនីយ៍ត្រី គន់ វុនយូណែល មេបញ្ជាការរងតំណាងមេបញ្ជការ កងពលតូចដឹកជញ្ជូនលេខ ៩៩។
លោក គន់ វុនយូណែល មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ ក្រុមហ៊ុនមីគោក អ៉ីនដូមី Indomie Cambodia ដែលមិនមែនត្រឹមជាការជួយផ្គត់ផ្គង់អាហារប៉ុណ្ណោះទេ ប៉ុន្តែជាការលើកទឹកចិត្តដ៏សំខាន់ដល់កងទ័ព ដែលកំពុងបំពេញបេសកកម្មបម្រើជាតិ។
លោក ស៊ិន ចន្ថា តំណាងអោយក្រុមហ៊ុន Indomie Cambodia បានបញ្ជាក់ថា៖ ការប្រគល់ជូនអំណោយមីទាំងនេះ គឺជាការចូលរួមចំណែកមួយសម្រាប់ប្រទេសជាតិ ដែលបង្ហាញពីសាមគ្គីភាព និងការយកចិត្តទុកដាក់។ យើងសូមកោតសរសើរជាខ្លាំងចំពោះភាពអង់អាចក្លាហានរបស់វីរ:កងទ័ពកម្ពុជា និងសូមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពដែនដី។
ការឧបត្ថម្ភរបស់ Indomie Cambodia មិនត្រឹមជាសកម្មភាពក្តីស្រឡាញ់បែបមនុស្សធម៌ប៉ុណ្ណោះទេ ក៏ជាសញ្ញាបង្ហាញពី ស្មារតីជាតិនិយម និង សហប្រតិបត្តិការរួមគ្នាទាំងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច។
សូមបញ្ជាក់ថា មីគោកអុីនដូមី (Indomie Cambodia) ជាផលិតផលដែលកំពុងលក់ដាច់ជាងគេ នៅលើទីផ្សារបច្ចុប្បន្ន ហើយមានច្រើនប្រភេទសម្រាប់ជ្រើសរើស។








