ព័ត៌មានជាតិ

៦ខែ មន្ត្រីអន្តោប្រវេសន៍ ទប់ស្កាត់ករណីសង្ស័យជួញដូរមនុស្ស ១១៨នាក់ ភាគច្រើនជាស្រ្តី ត្រូវគេអូសទាញទៅរៀបការ

ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ មន្ត្រីអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលប្រចាំការបំពេញភារកិច្ច តាមបណ្ដាច្រកទ្វារព្រំដែន រួមទាំងច្រកទ្វារព្រំដែនអាកាស បានប្រើវិធីសាស្រ្តស្រាវជ្រាវ និងសន្និដ្ឋានបឋម ឈានទៅទប់ស្កាត់បានទាន់ពេលវេលា ករណីសង្ស័យពាក់ព័ន្ធ អំពើជួញដូរមនុស្ស ដោយឃាត់ដំណើរឆ្លងដែនសរុប១១៨នាក់ ក្នុងនោះមានជនជាតិខ្មែរ១០៤នាក់ ជនជាតិចិន១៤នាក់ ។

បើតាម លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនសង្ស័យរងគ្រោះដោយអំពើជួញដូរមនុស្សទាំង ១១៨នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍អន្តរាគមន៍ក្នុងករណី សរុបចំនួន៥៩ ដែលចំណុចនេះមានន័យថា ករណីនាំជនរងគ្រោះ ដែលភាគច្រើនត្រូវបានអូសទាញ ឱ្យទៅរៀបការដោយខុសច្បាប់ជាមួយជាជនបរទេស បានធ្វើឡើងជាក្រុមៗ។

លោកឧត្តមសេនីយ៍ឯក អគ្គនាយកបានឱ្យដឹងថា ករណីសង្ស័យបានស្ដែងឡើង ជាអាទិ៍ ស្ត្រីរងគ្រោះមានវ័យក្មេងៗ ខ្លះធ្វើដំណើរទៅក្រៅប្រទេស ដោយគ្មានគោលដៅ ឬថាទៅដើរលេង តែមិនដឹងដើរលេងនៅឯណាឱ្យពិតប្រាកដ ឬខ្លះគ្មានថវិកាសមស្រប សម្រាប់ធ្វើដំណើរទៅក្រៅប្រទេស និងខ្លះទៀតស្ដែងអាការៈមិនប្រក្រតីនៅចំពោះមុខសមត្ថកិច្ចតែម្ដង ។

លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា បន្ទាប់ពីមានការសង្ស័យ សមត្ថកិច្ចជំនាញ បានសាកសួរព័ត៌មានបឋម និងរាយការណ៍ទៅកាន់មន្ត្រី ជំនាញពាក់ព័ន្ធនឹង ការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដើម្បីសាកសួរ និងស្រាវជ្រាវលម្អិត រហូតឈានទៅសន្និដ្ឋានបានថា អ្នកទាំងនោះបាន ចាញ់បោកមេខ្យល់ អូសទាញលួងលោម ទាំងតាមរយៈចិត្តសាស្ត្រ ទឹកប្រាក់សម្ភារៈនិយម និងការផ្ដល់ក្ដីសង្ឃឹមផ្សេងៗ។

សូមបញ្ជាក់ថា ជាក់ស្ដែងក្នុងរយៈពេល៦ ខែដូចគ្នានេះ មន្ត្រីអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ក៏បានផ្ដល់កិច្ចសហការ សម្របសម្រួលទទួលស្រ្តីខ្មែរ ជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស នៅប្រទេសចិនចំនួន៧៨ករណី។ បើតាម លោក អគ្គនាយក ក្នុងចំណោមករណីសម្របសម្រួលទទួលទាំង៧៨នោះ មានមនុស្សសរុបមនុស្ស១៨៨ នាក់ ក្នុងនោះស្ត្រីរងគ្រោះមានរហូតដល់ទោ១៨៧ នាក់។ ក្នុងន័យនេះ លោក បានអំពាវនាវប្រជាពលរដ្ឋនិងភាគីពាក់ព័ន្ធ រួមគ្នាអប់រំផ្សព្វផ្សាយបង្កើតទប់ស្កាត់បញ្ហានេះ ជាពិសេសស្ត្រីត្រូវប្រុង ប្រយ័ត្នកុំជឿតាមការអូសទាញ នឹងត្រូវស្វែងរកព័ត៌មាន ឱ្យបានច្បាស់លាស់មុនសម្រេចចិត្តចេញ ទៅក្រៅប្រទេស តាមបុគ្គលមួយចំនួន៕

To Top