ភ្នំពេញ ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានសហការជាមួយក្រុមហ៊ុនជប៉ុន GOMI RECYCLE110 CO., LTD ដើម្បីឧបត្ថម្ភការសិក្សាដល់សិស្ស-និស្សិតក្រីក្រ នៅតាមសាលាជន បទដាច់ស្រយាល ។ កិច្ចសហប្រតិបត្តិការនេះ កើតចេញពីជំនួបរវាង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Yusuke Okumura ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ។

ក្រុមហ៊ុន GOMI RECYCLE110 CO., LTD ដែលមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងការកែច្នៃ និងគ្រប់គ្រងសំណល់ នៅកម្ពុជា បានបង្ហាញ ពីបំណងចង់ពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន ។ នេះជាការឆ្លើយតបទៅនឹង អនុសាសន៍ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូប្រទេសជប៉ុន ។ ក្រុមហ៊ុនមានផែនការ រៀបចំម៉ាស៊ីនកែច្នៃសំរាមប្លាស្ទិក អំបែងដប និងសំណល់ផ្សេងៗ ដែលអាចដំណើរការបាន សូម្បីនៅតំបន់ដាច់ស្រយាល ដើម្បីផលិតជាសម្ភារៈប្រើប្រាស់។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានគាំទ្រពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមនេះ ហើយបានជំរុញឱ្យក្រុមហ៊ុន ចាប់ផ្ដើមដាក់ម៉ាស៊ីន កែច្នៃសំរាម ស្តង់ដារជប៉ុននេះ នៅតាមស្រុកមួយ នៃខេត្ត ជាតំបន់គោលដៅ ជាការសាកល្បង ជាមុនសិន រួចចាំបន្តឱ្យបានពេញ ក្នុងខេត្តទាំងអស់ ដើម្បីឱ្យក្រុមហ៊ុន ទទួលបានជោគជ័យខ្ពស់ ។ ក្រសួងនឹងផ្តល់សំរាមប្លាស្ទិក និងសំណល់ ដែលសិស្សានុសិស្ស ប្រមូលបានពីយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ឱ្យក្រុមហ៊ុនយកទៅកែច្នៃ ។ ចំណែកថវិកាដែលបានពីការលក់ ផលិតផលកែច្នៃនឹង ត្រូវយកមកឧបត្ថម្ភគាំទ្រ ការសិក្សារបស់សិស្ស-និស្សិត នៅតាមសាលាជនបទ។

ការវិនិយោគក្នុងការកែច្នៃសំរាម ប្លាស្ទិកនៅតាមតំបន់ឆ្ងាយៗនេះ គឺស្របតាមអនុសាសន៍ និងវត្ថុបំណងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជំរុញ ឱ្យកម្ពុជាស្អាត ឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុ ឈានឆ្ពោះទៅសម្រេច ទស្សនវិស័យកម្ពុជា ក្លាយជាប្រទេសអព្យាក្រឹត កាបូននៅឆ្នាំ២០៥០ ៕

