ព័ត៌មានជាតិ

ក្រុមហ៊ុន Visa ពង្រីកវិសាលភាព ការទូទាត់ជាមួយកាត នៅផ្សារម៉ាក្រូ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីបង្កើនជម្រើស ទូទាត់តាមរយៈប្រព័ន្ធឌីជីថល

ភ្នំពេញ ៖ នាថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុន Visa (NYSE: V)ជាក្រុមហ៊ុនបច្ចេកវិទ្យា ទូទាត់សាច់ប្រាក់ តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ បានប្រកាសពីការពង្រីកសេវាកម្ម ទទួលការទូទាត់ជាមួយ Visa កាតនៅគ្រប់ ផ្សារម៉ាក្រូ ទាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ចំពោះការអភិវឌ្ឍន៍ ដ៏សំខាន់នេះ នឹងជួយពង្រឹងប្រព័ន្ធ អេកូឡូស៊ីទូទាត់តាមរយៈឌីជីថលក្នុងប្រទេសកម្ពុជា ដោយផ្តល់ជម្រើសទូទាត់កាន់ តែងាយស្រួល សម្រាប់អ្នកប្រើប្រាស់ និង ភ្ញៀវទេសចរ ។

ការលក់ទំនិញនៅតាមផ្សារ តាមតូបលក្ខណៈគ្រួសារនៅតាមដងផ្លូវ នៅតែជាផ្នែកដ៏សំខាន់មួយ សម្រាប់ជីវិតប្រចាំថ្ងៃ អ្នករស់នៅក្នុងទីក្រុងក៏មានជម្រើសក្នុងការទិញ ទំនិញនៅលើផ្សារទំនើបខ្នាតតូច ហាងលក់ទំនិញ និងហាងលក់គ្រឿង ទេសផងដែរ ។ កន្លែងថ្មីៗទាំងនេះ ផ្ទុកទៅដោយទំនិញប្លែកៗ និងមានលក់ទំនិញ នាំចូលជាច្រើនប្រភេទ ដែលជារឿយៗ ពិបាករកនៅក្នុងតាមហាងតូចៗ និងផ្សារធម្មតា។ ការជំរុញឲ្យមានការទទួលយកការទូទាត់តាមរយៈ Visa កាតនេះ បានធ្វើឲ្យបទពិសោធន៍នៃការទិញទំនិញនៅផ្សារម៉ាក្រូ កាន់តែប្រសើរឡើង ។ ផ្សារម៉ាក្រូសាខាភ្នំពេញ មានទីតាំងនៅ ចំកណ្តាលទីក្រុង ខណៈដែលសាខានៅខេត្តសៀមរាប មានទីតាំងនៅជិត តំបន់ទេសចរណ៍សំខាន់ៗ។
គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែផ្តល់ប្រយោជន៍ ដល់អ្នកប្រើប្រាស់ ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាត ឲ្យទេសចរ ដែលអញ្ជើញមកទស្សនាប្រទេសកម្ពុជា អាចទិញទំនិញ និងប្រើប្រាស់មធ្យោបាយទូទាត់ផ្សេងៗ ។ នេះជាការចូលរួមចំណែក ដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលជាកត្តាសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេស ។

អ្នកស្រី លីហ្សា សាជិន (Lisa Sargent) នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់សេដ្ឋកិច្ចដែលតភ្ជាប់គ្នាដោយប្រព័័ន្ធឌីជីថល ក្រុមហ៊ុន Visa ប្តេជ្ញាជំរុញការទទួលយកទូទាត់តាមរយៈកាតនៅទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់យើង ក្នុងការលើកស្ទួយជីវិតប្រជាជនកម្ពុជា ដោយផ្តល់ជូន នូវជម្រើសទូទាត់ដ៏សម្បូរបែប និងងាយស្រួល និងជំរុញ បរិយាបន្នហិរញ្ញវត្ថុ សម្រាប់មនុស្សគ្រប់គ្នា ។ កិច្ចសហការ របស់យើង ជាមួយ ផ្សារម៉ាក្រូ គឺជាសក្ខីភាពមួយ ចំពោះការប្តេជ្ញា ចិត្តរបស់យើង ក្នុងការជំរុញកំណើនទេសចរ និងរួមចំណែកដល់ ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ឲ្យកាន់តែរីកចម្រើន និងប្រកបដោយបរិយាបន្ន សម្រាប់ទាំងអស់គ្នា។”

អ្នកស្រី អាណាតា ថាឡាងឌី ជានាយកគ្រប់គ្រងនៃ ក្រុមហ៊ុន ម៉ាក្រូ កម្ពុជា បានមានប្រសាសន៍ថា ៖ “យើងមានសេចក្តី រំភើបរីករាយ ក្នុងការសហការ ជាមួយក្រុមហ៊ុន Visa ដើម្បីពង្រីកជម្រើសទូទាត់ឌីជីថល សម្រាប់អតិថិជនរបស់យើង។ កិច្ចសហការនេះ គឺជា ជំហានដ៏សំខាន់មួយឆ្ពោះទៅរកការផ្តល់ នូវបទពិសោធន៍ ទិញទំនិញដោយ ភាពរលូន និងស្របតាមការប្តេជ្ញាចិត្ត របស់យើង ក្នុងការផ្តល់ នូវភាពងាយស្រួល និង ជម្រើស នៃការទូទាត់កាន់ តែច្រើនដល់អតិថិជន។ តាមរយៈការទទួលយកការទូទាត់ តាមឌីជីថល យើងមិនត្រឹមតែបង្កើន បទពិសោធន៍ នៃការទិញទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការ អភិវឌ្ឍន៍នៃសេដ្ឋកិច្ចឌីជីថល របស់កម្ពុជាផងដែរ៕

To Top