ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បង្ហាញខ្លួននៅតុលាការព្រហ្មទណ្ឌ ក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រ ដោយមិនផ្តល់សម្ភាសន៍ដល់អ្នកកាសែត

Xinhua

បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីថ្ងៃអង្គារ បានបង្ហាញខ្លួននៅតុលាការព្រហ្មទណ្ឌ ដើម្បីស្តាប់សក្ខីកម្មដោយសាក្សីអយ្យការ ក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រដែលកើតឡើង ពីបទសម្ភាសន៍ដែលលោកបានផ្តល់ នៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ ២០១៥ ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា សវនាការស្តាប់ចម្លើយសាក្សីថ្ងៃទីមួយ គឺបានប្រព្រឹត្តទៅដោយគ្មានឧប្បត្តិហេតុ ដោយមេធាវីរបស់លោក គឺលោក Winyat Chartmontree បានបញ្ជាក់ថា លោកថាក់ស៊ីន នៅតែរក្សាភាពស្ងប់ស្ងាត់ និងមិនមានបញ្ហាក្នុងដំណើរការនីតិវិធី។

មេធាវីបានប្រាប់អ្នកយកព័ត៌មានថា “លោកថាក់ស៊ីនហាក់ដូចជាមិនហត់នឿយ ឬថប់បារម្ភទេ។ វាជារឿងធម្មតាសម្រាប់នរណាម្នាក់នៅក្នុងបន្ទប់សវនាការ ប៉ុន្តែគាត់គ្រាន់តែហត់បន្តិចពីការនៅខាងក្នុងសវនការពេញមួយថ្ងៃ” ។

លោក ថាក់ស៊ីន បានចាកចេញពីអគារតុលាការនៅផ្លូវ Ratchadaphisek ក្នុងទីក្រុងបាងកកនៅម៉ោង ៤ និង ១០ នាទីល្ងាច ក្នុងរថយន្ត Mercedes-Benz ដោយបដិសេធមិននិយាយជាមួយអ្នកសារព័ត៌មាន។ លោក Winyat បាននិយាយថា កូនក្តីរបស់គាត់បានសាកសួរសាក្សីបន្ទុកដោយផ្ទាល់ក្នុងអំឡុងពេលសវនាការ។

លោកបានថ្លែងថា៖ «បន្ទាប់ពីខ្ញុំបានបំពេញតួនាទីរបស់ខ្ញុំ លោកថាក់ស៊ីនបានសួរសំណួរផ្ទាល់ទៅសាក្សីបន្ទុក» ដោយពណ៌នាអំពីដំណើរការក្នុងថ្ងៃនេះថា រលូននិងមានរបៀបរៀបរយ។

តុលាការបានបិទសវនាការនៅចំពោះមុខអ្នកទស្សនា និងប្រព័ន្ធផ្សព្វផ្សាយ ហើយលោក Winyat បដិសេធមិនបង្ហាញព័ត៌មានលម្អិតនៃសក្ខីកម្ម ឬអត្តសញ្ញាណរបស់សាក្សីនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top