ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ណែនាំឲ្យក្រុមហ៊ុនម៉ៅការ ពន្លឿនអ៊ុតកៅស៊ូ លើផ្លូវជាតិលេខ ៧ បង្ហើយ ៦គីឡូ​ម៉ែត្រ ដើម្បីសម្រួលដល់ការយាងរបស់មហាក្សត្រ ជាអធិបតីក្នុងពិធីបុណ្យរុក្ខទិវា នៅស្រុកចំការលើ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យតាមដងផ្លូវជាតិ ចាប់ពីស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ហូតដល់ចំណុចផ្លូវបំបែកត្រើង ក្នុងស្រុកកំពង់សៀម ក្នុងគោលបំណងដើម្បីរៀបចំសោភ័ណភាពផ្លូវ ដើម្បីជាការអបអរសាទរ ដែលព្រះមហាក្សត្រ ព្រះអង្គយាងជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យរុក្ខទិវា នៅស្រុកចំការលើ នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ដើម្បីជាការអបអរសាទរ ក្នុងឱកាសបុណ្យរុក្ខទិវា ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ អាជ្ញាធរខេត្តកំពង់ចាម រួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យមើល សកម្មភាពការងារស្ថាបនា លើកកម្ពស់គុណភាពផ្លូវជាតិលេខ ៧ ដែលមកដល់ពេលនេះ ដំណើរការក្នុងការអ៊ុតកៅស៊ូ នៅសល់ប្រវែង ៦ គីឡូម៉ែត្រទៀត នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកំពង់សៀម ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា បន្ទាប់ពីការចុះពិនិត្យនោះ អាជ្ញាធរខេត្ត បានធ្វើការណែនាំឱ្យខាងក្រុមហ៊ុនអ្នកទទួលការ ជំរុញការស្ថាបនា ការអ៊ុតកៅស៊ូ បង្ហើយប្រវែង ៦ គីឡូម៉ែត្រនោះ ឲ្យរួចរាល់នៅថ្ងៃទី ៧ ខែកក្កដា ដើម្បីសម្រួលក្នុងការធ្វើដំណើរ របស់ប្រតិភូ ដែលអញ្ជើញចូលរួមក្នុងពិធីបុណ្យរុក្ខទិវាខាងមុខនេះ ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ការងារខាងលើនេះ ខាងក្រុមហ៊ុនទទួលការ បានឯកភាពធ្វើការបន្ថែមកម្លាំង ដើម្បីជំរុញការងារអ៊ុតកៅស៊ូម៉ិច បង្ហើយ ប្រវែង ៦គីឡូម៉ែត្រនោះ ។

ជាងនេះទៅទៀត លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យធ្វើការពង្រឹងលើសណ្ដាប់ធ្នាប់ និងរៀបចំសោភណ្ឌភាពតាមដងផ្លូវឲ្យបានស្រស់ស្អាតផងដែរ ៕

To Top