មូស្គូៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជួបពិភាក្សាគ្នាអំពីស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា និងអ៊ុយក្រែន នៅក្នុងការសន្ទនាតាមទូរស័ព្ទលើកដំបូង របស់មេដឹកនាំទាំងពីរ ចាប់តាំងពីឆ្នាំ ២០២២ នេះបើយោងតាមវិមានក្រឹមឡាំង។
វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីទាំងពីរ បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការគោរព សិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់ ក្នុងការអភិវឌ្ឍថាមពល នុយក្លេអ៊ែរដោយសន្តិវិធី និងការបន្តការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយ នៃអាវុធនុយក្លេអ៊ែរ រួមទាំងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ ។
មេដឹកនាំទាំងពីរបានគូសបញ្ជាក់ពីមធ្យោបាយនយោបាយ និងការទូត ដើម្បីដោះស្រាយវិបត្តិជុំវិញ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងជម្លោះផ្សេងទៀត នៅតំបន់មជ្ឈិមបូព៌ា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទាក់ទងនឹងស្ថានភាពជុំវិញអ៊ុយក្រែន លោកពូទីនបាននិយាយថាជម្លោះអ៊ុយក្រែនគឺជា “ផលវិបាកផ្ទាល់ នៃគោលនយោបាយលោកខាងលិច” ដោយបន្ថែមថាគោលនយោបាយបែបនេះ ឥឡូវនេះកំពុង “អូសបន្លាយអរិភាព” ដោយការផ្គត់ផ្គង់អ៊ុយក្រែន ជាមួយនឹងអាវុធទំនើបៗផ្សេងៗ។
ស្តីពីការរំពឹងទុកសម្រាប់ដំណោះស្រាយ ដោយសន្តិវិធី លោក ពូទីន បានសង្កត់ធ្ងន់លើដំណោះស្រាយដ៏ទូលំទូលាយ និងរយៈពេលវែងដែលដោះស្រាយ បញ្ហាឫសគល់នៃវិបត្តិអ៊ុយក្រែន និង “ពិចារណាលើការពិតនៃដែនដីថ្មី”។ វិមានក្រឹមឡាំងបានបញ្ជាក់ថា ការសន្ទនារវាងមេដឹកនាំទាំងពីរគឺ “សំខាន់ណាស់” ក្នុងស្ថានភាពបច្ចុប្បន្ននេះ ៕
ប្រែសម្រួល ឈូក បូរ៉ា
