ព្រៃវែង ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ការបើកច្រកអន្ដរជាតិម៉ឺនជ័យ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង គោលដៅសំខាន់នោះ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាម បានកើនឡើង ១០ពាន់លានដុល្លារហើយ ។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ការបើកច្រកម៉ឺនជ័យ គោលដៅសំខាន់ គឺជំរុញការតភ្ជាប់សេដ្ឋកិច្ច ដែលបញ្ហាពាណិជ្ជកម្ម ការផ្លាស់ប្ដូរទំនិញ ការទៅមក រកគ្នា គឺជាគោលដៅធំរបស់យើង។ អញ្ចឹងទេ សង្ឃឹមថា ក្នុងខេត្តព្រៃវែងនេះ នឹងមានការផ្លាស់ប្ដូរពាណិជ្ជកម្ម កើនឡើង តាមរយៈបើកច្រកថ្មី អន្ដរជាតិម៉ឺនជ័យនេះ»។
សម្ដេចតេជោ បន្ដថា នៅពេលបើកសម្ពោធជាផ្លូវការនូវច្រកទ្វារអន្ដរជាតិម៉ឺនជ័យហើយ កម្ពុជា អាចទាក់ទាញអ្នកវិនិយោគ ឬដឹកជញ្ជូន ទៅវិញ ទៅមក រវាង កម្ពុជា-វៀតណាម ។ សម្ដេច ថា «ទំហំពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាម គឺបានឆ្លងផុតហួសពីកម្រិត ១០ពាន់លានដុល្លារហើយ»។
លើសពីនេះ សម្ដេច ប្រធានព្រឹទ្ធសភា បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែមេសា កន្លងទៅ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម កម្ពុជា បានចុះហត្ថលេខាជាមួយ រដ្ឋមន្ដ្រីពាណិជ្ជកម្ម វៀតណាម តំឡើងកម្រិតដាក់ចេញគោលដៅ ២០ពាន់លានដុល្លារ។
សូមជម្រាបថា ខេត្តព្រៃវែង គ្រោងរៀបចំកិច្ចប្រជុំពិភាក្សា ជាមួយអាជ្ញាធរខេត្តតៃនីញ អំពីពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ នូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណា ក្រោមអធិបតីភាពពីថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ។ ច្រទ្វារនេះមានទំហំផ្ទៃដី សរុបចំនួន ៨៩,៥៧៧ម៉ែត្រការេ ដោយបានដោះស្រាយ ផលប៉ះពាល់ជូនអ្នកពាក់ព័ន្ធ បានរួចរាល់នៅឆ្នាំ២០២០៕
