ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកសរសើរពីការចរចា ដោះស្រាយព្រំដែនរវាង កម្ពុជា-វៀតណាម គឺបានស្រុះស្រួលគ្នាយ៉ាងល្អប្រសើរដែលជាដំណោះស្រាយឈ្នះ ឈ្នះទាំងសងខាងមិនមានអ្នកចាញ់ ខុសពីការចរចាជាមួយថៃ ដែលជាដំណោះស្រាយចាញ់ ចាញ់ ។
ក្នុងឱកាសអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ បណ្តុះបណ្តាលជាស៊ីមកំចាយមារ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ បានមានប្រសាសន៍ថា ជាដំណោះស្រាយឈ្នះ ឈ្នះចំពោះការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម នេះគឺខុសពីការដោះស្រាយព្រំដែន ជាភាគីថៃ ដែលដំណោះស្រាយចាញ់ ចាញ់ ។

សម្រាប់ការបោះបង្គោលព្រំដែនជាមួយភាគីវៀតណាមនេះដែរ សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៥ កម្ពុជា-វៀតណាម បានរួមគ្នាបោះបង្គោលព្រំដែនជាង៩៤ % នៅសល់តែ១៦ % ទៀតប៉ុណ្ណោះ ខណៈភាគីទាំងពីរកំពុងពន្លឿនការដោះស្រាយ។
សម្តេចតេជោគូសបញ្ជាក់ថា “ការចរចារវាងយើង និង មិត្តវៀតណាម ក្នុងការដោះស្រាយព្រំដែន មានរឿង ដែលល្អបំផុតមួយ គឺនៅត្រង់ថា ភាគីទាំងពីរស្រុះស្រួលគ្នា ទំលាក់ខ្សែព្រំដែន ដែលនៅជាប់មាត់ព្រែក ទៅក្នុងតំបន់ទឹកជ្រៅ ។ ចំណុចនេះមិនមែនជាចំណុច សាមញ្ញទេ បារាំងគូសផែនទីខាងមាត់ព្រែកខាងកម្ពុជា បើចឹងយើងចង់ចុះទៅដងទឹក ទៅជាប់វៀតណាម ។ ជួនកាលគូសនៅព្រំដែននៅមាត់ទឹកខាងវៀតណាម ចឹងបើវៀតណាមចង់ចុះព្រែកទាល់តែសុំកម្ពុជា តែឆ្លងផុតរំលោភដែនដី ។ អីចឹងដំណោះស្រាយនេះ គឺជាដំណោះស្រាយដ៏ល្អបំផុត តាមនិយាមកាម” ។
សម្តេចតេជោបន្តថា កម្ពុជា-វៀតណាម គឺនឹងទទួលបានអត្ថប្រយោជន៍ ទាំងសងខាង សម្រាប់ប្រជាពលរដ្ឋ ពីការកំណត់ព្រំដែន ក្នុងទឹកជ្រៅ ខណៈព្រំដែនកម្ពុជា ជាប់ជាមួយវៀតណាម មានប្រមាណជាចំនួន ១២០០គីឡូម៉ែត្រក្រឡា៕
