ព្រៃវែង ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងឱ្យដឹងថា សភា នឹងកោះប្រជុំវិសាមញ្ញ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញដកសញ្ជាតិ ចំពោះបុគ្គលណាឃុបឃិត ជាមួយបរទេស ដើម្បីបំផ្លាញផល ប្រយោជន៍ជាតិខ្មែរ។
សម្ដេចតេជោ បន្ដថា វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិ គឺអាចធ្វើទៅរួច ដោយក្រុមប្រឹក្សាធម្មនុញ្ញ បានពិនិត្យរួចរាល់ ហើយដែល។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សភា នឹងកោះប្រជុំវិសាមញ្ញ នៅថ្ងៃទី១១ ខែកក្កដា នេះហើយ ។ រដ្ឋធម្មនុញ្ញ នឹងត្រូវបានកែ ដើម្បីផ្ដល់ឱកាសសម្រាប់ ការដកសញ្ជាតិ។ អ្នកឯងឃុបឃិតជាមួយបរទេសប្រឆាំងខ្មែរ»។
សម្ដេចតេជោ បន្ដថា ព្រោះថា លើកនេះ សំណើររួមគ្នារវាង រដ្ឋសភាទាំង ១២៥រូប នឹងរាជរដ្ឋាភិបាល ស្នើសុំ ព្រះមហាក្សត្រ និងត្រូវបានព្រះអង្គសួរទៅក្រុមប្រឹក្សាធម្មនុញ្ញរួចរាល់ផងដែរ។ ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី២ ខែកក្កដា បានបើកកិច្ចប្រជុំពេញអង្គក្រាបបង្គំទូលថ្វាយអង្គព្រះមហាក្សត្រ ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មមាត្រា ៣៣នៃរដ្ឋធម្មនុញ្ញ ដោយបានបង្គំទូលថ្វាយថា ការធ្វើវិសោធនកម្មមាត្រា ៣៣នៃរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា «អាចធ្វើទៅបាន»។
សូមរំលឹកថា កាលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ស្នើលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិចារណាធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរ ជនទាំងឡាយណាឃុបឃិត ជាមួយបរទេស បំផ្លាញខ្មែរ។
ការស្នើរបស់ សម្ដេចតេជោ ហ៊ុន សែន បានកើតឡើងចំពេលក្រុមប្រឆាំងជ្រុលនិយមជាជនជាតិខ្មែរមួយក្តាប់តូច រស់នៅបរទេស បាននិងកំពុងវាយប្រហារជាតិឯង ក្នុងចេតនាបំបាក់ទឹកចិត្ត និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ ក្នុងកាលៈទេសៈ កម្ពុជាកំពុងកើតមានជម្លោះព្រំដែនជាមួយថៃ៕
