ព័ត៌មានជាតិ

ក្រុមប្រឹក្សាធម្មនុញ្ញ ៖ ស្នើសុំធ្វើវិសោធនកម្មដកសញ្ជាតិខ្មែរ ពីពលរដ្ឋឃុបឃិតជាមួយបរទេស ដើម្បីលើកកម្ពស់ជាតិ

ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក ហ៊ី សោភា បានលើកឡើងថា ការស្នើសុំធ្វើវិសោធនកម្ម ដើម្បីដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋដែលឃុបឃិតជាមួយបរទេសបំផ្លាញកម្ពុជា ដើម្បីលើកកម្ពស់ ឧត្ដមគតិជាតិ មនសិការស្នេហាជាតិ ។
ការលើកឡើងរបស់លោក ហ៊ី សោភាដែលទើបតែឡើងកាន់ដំណែងជាប្រធានក្រុមប្រឹក្សាអាណត្តិថ្មីនេះ បន្ទាប់ពីសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ៩សំឡេងនៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល បានលើកដៃអនុម័តចំពោះការស្នើសុំធ្វើវិសោធនកម្មដកសញ្ជាតិខ្មែរ ។

យោងតាមលិខិតទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា របស់លោក ហ៊ី សោភា កាលពីថ្ងៃ២ កក្កដា លើសេចក្តីស្នើសុំធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានឲ្យដឹងថា ការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា មានគោលបំណងសំខាន់ដើម្បីបើកផ្លូវអនុញ្ញាតឲ្យមានការរៀបចំក្របខណ្ឌច្បាប់សម្រាប់ដកសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋខ្មែរណាដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់កម្ពុជា និងប្រជាពលរដ្ឋខ្មែរ ពិសេសអំពើឃុបឃិតជាមួយបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ សេចក្តីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។

លិខិតបញ្ជាក់ថា “ក្នុងន័យនេះ ការស្នើសុំធ្វើវិសោធនកម្មបទប្បញ្ញត្តិនៃមាត្រាខាងលើ គឺដើម្បីលើកកម្ពស់ ឧត្តមគតិជាតិ មនសិការស្នេហាជាតិ និងគោលជំហរស្មោះត្រង់ឥតងាករេរបស់ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់ ពិសេសការតម្កល់ផលប្រយោជន៍ជាតិជាធំស្របតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា”។

ជាមួយគ្នានេះ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុង កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។
លិខិតបន្តថា វិសោធនកម្មនេះ ពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធ ប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញឡើយ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន៕

To Top