ព័ត៌មានជាតិ

សម្តេចធិបតី ៖ គណបក្សប្រជាជនកម្ពុជា នៅតែមានការទុកចិត្ត ពីប្រជាពលរដ្ឋ ខណៈគណបក្ស នៅបន្តកសាងសមទ្ធផល សំខាន់ៗជូនពលរដ្ឋ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់ ទោះបីជាមានការផ្សព្វផ្សាយ និងឃោសនានយោបាយអ្វីក៏ដោយ ក៏នៅតែ​​ឱ្យតម្លៃទៅលើអ្វី ដែលកើតមានលើដី ជាពិសេសលើសមទ្ធផលជាក់ស្តែង ដែលគណបក្សប្រជាជនកម្ពុជា ខិតខំធ្វើអោយ ដែលធ្វើឱ្យសម្តេចជឿថា គណបក្សប្រជាជនកម្ពុជា នៅតែមានការទុកចិត្ត ពីប្រជាពលរដ្ឋ ខណៈដែលគណបក្ស នៅតែបន្តកសាងសមទ្ធផលសំខាន់ៗ ជូនប្រជាពលរដ្ឋ ។

ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍរីកចម្រើន របស់ប្រជាពលរដ្ឋ ការបើកសិទ្ធិសេរីភាពសាសនា ការផ្តល់ឱកាសឱ្យរៀនសូត្រ ដើម្បីមានចំណេះនិងជំនាញ ការកសាងមូលដ្ឋានសុខាភិបាល នៅគ្រប់ទីកន្លែង ដែលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងខិតខំជំរុញ និងការដាក់ចេញនូវគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា គឺប្រជាពលរដ្ឋបានមើលឃើញ ។

ក្នុងនោះសម្តេចធិបតី នាយករដ្ឋមន្ត្រី បានរំលឹកថា ក្នុងដំណាក់កាលការរាតត្បាតកូនវីដនេះ រាជរដ្ឋាភិបាល បានបញ្ចេញថវិកាជាង១ពាន់លានដុល្លារ ដើម្បីជួយជាជំនួយសង្គម ដល់ប្រជាពលរដ្ឋ គ្រួសារងាយរងហានិភ័យ ដែលប្រជាពលរដ្ឋបានទទួល ដោយមិនគិតដល់រឿង ការចំណាយ ថវិកាទៅលើ ប.ស.ស បណ្ណក្រីក្រ និងប្រជាជន ឈឺថ្កាត់ជាដើម ខណៈដែលប្រជាពលរដ្ឋច្រើនណាស់ កម្មករកម្មការិនី អតីតយុទ្ធជនរាប់លាននាក់ បានផលនេះ មិនមែនដោយចៃដន្យទេ គឺដោយសារគោលនយោបាយ របស់រាជរដ្ឋាភិបាលប្រកាសចេញ ហើយធ្វើពិតនៅលើដី ហើយអ្វីដែលប្រជាជនបានផលជាក់ស្តែងនេះហើយ បានជាប្រជាពលរដ្ឋ ផ្តល់ការទុកចិត្តគាំទ្រ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ហើយខ្ញុំនៅតែជឿជាក់ថា ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា ទោះបីជារាល់ថ្ងៃមានការផ្សព្វផ្សាយ និយាយចុះឡើងតាមហ្វេសប៊ុក តាមអ្វីក៏ដោយ ឃោសនាពីនយោបាយអ្វីក៏ដោយ ប៉ុន្តែទីបំផុត និងឱ្យតម្លៃទៅលើ អ្វីដែលកើតមានលើដី ជាពិសេសទៅលើលទ្ធផល និងសមទ្ធផលជាក់ស្តែង ដែលយើងខិតខំ ធ្វើឱ្យ នេះដែលខ្ញុំជឿថា គណបក្សប្រជាជនកម្ពុជា នៅតែមានការ ទុកចិត្តពីប្រជាពលរដ្ឋ ព្រោះយើង នៅតែបន្ត ផ្តល់ការងារសំខាន់ៗ និងធ្វើសមទ្ធផលសំខាន់ៗ ជូនប្រជាពលរដ្ឋ មិនត្រឹមតែក្នុងក្រប ខណ្ឌរាជរដ្ឋាភិបាល នោះទេ ប៉ុន្តែក្របខណ្ឌក្រុមការងារ របស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ក្រុមការងារគណបក្ស ប្រជាជន ចុះជួយមូលដ្ឋាន គណបក្សមូលដ្ឋាននៅក្នុងកន្លែងទាំងអស់ ខំធ្វើការបម្រើប្រជាពលរដ្ឋ សមាជិកសមាជិការ យុវជនរបស់យើង ខំប្រឹងធ្វើអំពើល្អ ឱ្យប្រជាពលរដ្ឋ តាមគោលការណ៍ របស់បក្ស នេះហើយដែលខ្ញុំជឿជាក់១០០%ថា ប្រជាជននឹងនៅមាន ភាពកក់ក្តៅជាមួយយើងតទៅទៀត មិនល្អឥតខ្ចោះទេ ប៉ុន្តែយើងនឹងខិតខំឱ្យល្អឥតខ្ចោះ បានន័យថា យើងឃើញខុស យើងកែលម្អ យើងខិតខំបង្កើនអ្វីជាវិជ្ជមានឱ្យតទៅទៀត នេះហើយជាទិសដៅរបស់គណបក្សប្រជាជនកម្ពុជា”៕

To Top