ព័ត៌មានជាតិ

កម្ពុជា អបអរសាទរ ប្រទេសតុងហ្គា ចូលរួមជារដ្ឋភាគីទី១៦៦ នៃអនុសញ្ញា ស្តីពីការហាមប្រាម ការប្រើប្រាស់មីន ប្រឆាំងមនុស្ស

ភ្នំពេញ ៖ តាមការអំពាវនាវរបស់កម្ពុជា ក្នុងនាមជាប្រធាន អនុសញ្ញា អូតាវ៉ាឆ្នាំ២០២៤ ប្រទេសតុងហ្គា បានចូលរួម ជារដ្ឋភាគីទី១៦៦ នៃអនុសញ្ញាហាមប្រាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស បន្ទាប់ពីសាធារណរដ្ឋកោះម៉ាសាល់ ដែលបានចូលជារដ្ឋភាគីទី១៦៥ នៃអនុសញ្ញា នាពេលថ្មីៗនេះ។ នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី៣ កក្កដា នេះ។

ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កម្ពុជា បានកំណត់អាទិភាពប្រទេសចំនួនបី នៅក្នុងតំបន់ប៉ាស៊ីហ្វិក រួមមាន តុងហ្គា កោះម៉ាសាល់ និងមីក្រូនេស៊ី ដើម្បីជំរុញដល់ប្រទេសទាំងនេះ ចូលរួមជារដ្ឋភាគីអនុសញ្ញា។

ក្នុងដំណើរបេសកកម្មក្រៅប្រទេស ក្នុងឆ្នាំ២០២៤ កម្ពុជា បានជួបប្រជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗ របស់ប្រទេសទាំងបី ដែលរួមមានទាំងសមាជិកសភាផងដែរ ក្នុងគោលបំណងលើកទឹកចិត្ត និងស្នើដល់ប្រទេសទាំងបី ពិចារណាចូលជារដ្ឋភាគី អនុសញ្ញាអូតាវ៉ា ហើយប្រទេសទាំងបីបានទទួលយកសំណើរបស់កម្ពុជា និងលើកបន្តទៅកាន់ រដ្ឋាភិបាលរបស់ខ្លួន ដើម្បីពិនិត្យលទ្ធភាពចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា។

នៅដើមឆ្នាំ២០២៥ សាធារណរដ្ឋកោះម៉ាសាល់ បានចូលជារដ្ឋភាគីទី១៦៥ នៃអនុសញ្ញា ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ហើយ ក្នុងខែមិថុនានេះ ប្រទេសតុងហ្គាបានចូលជារដ្ឋភាគីទី១៦៦ នៃអនុសញ្ញា ដែលនឹងចូលជាធរមាន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ ជាមួយគ្នានេះផងដែរ ប្រទេសមីក្រូណេស៊ី កំពុងរៀបចំសំណើសុំចូល រួមជារដ្ឋភាគីទី ១៦៧ នៃអនុសញ្ញាអូតាវ៉ា ។ តំបន់អាស៊ីប៉ាស៊ីហ្វិក នឹងក្លាយជាតំបន់ប៉ាស៊ីហ្វិកគ្មានមីន នាពេលដ៏ខ្លីខាងមុខនេះ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា អស់រយៈពេលប្រមាណ ៧ឆ្នាំមកនេះ មិនមានរដ្ឋមិនមែនភាគីណាមួយ បានស្នើចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ានោះទេ ហេតុនេះ ការចូលជារដ្ឋភាគីនៃប្រទេសទាំងពីរ ត្រូវបានទទួលស្គាល់ថាជាសមិទ្ធផលជាសាកលដ៏ធំធេង សម្រេចបានក្រោមការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤៕

To Top