ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា តាំងពីអតីតកាលរបស់ខ្មែរយូរលង់ណាស់មកហើយនោះ កម្ពុជាមានគោរមងារតេជោ មានតែ៤រូបប៉ុណ្ណោះ ខណៈសម្តេចអះអាងថា ក្នុងសតវត្សទី២១នេះ គឺមានតែសម្តេចប៉ុណ្ណោះដែលទទួលបានគោរមងារពីអតីតព្រះបរមរតនកោដ្ឋ ។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ នៅថ្ងៃទី៣ កក្កដា សម្ដេចតេជោមានប្រសាសន៍ថា ពីមុនមកមានងារតេជោប៉ុន្មាននាក់នោះទេ សម្តេចមិនដឹងនោះទេ ប៉ុន្តែគោរមងារតេជោនេះ មិនងាយទទួលបាននោះទេ ទាល់តែមនុស្សនុងជាមនុស្សខ្លាំងពូកែអស្ចារ្យរកលេខដាក់គ្មាន ទើបសាកសមទទួល ។
សម្តេចតេជោបន្តថា “ក្នុងប្រវត្តិសាស្រ្តព្រះរាជា ប្រទានគោរមងារតេជោ គ្មានច្រើនទេ ។ បើតេជោដំឌិនជាតេជោពិតគឺមកដល់ពេលនេះ យើងទើបតែមានតេជោ៤នាក់ទេ គឺតេជោមាស តេជោយ៉ត តេជោដំឌិន និងតេជោសែន។ តេជោសែន កើតនៅក្នុងសតវត្សទី២១” ។
សម្តេចតេជោក៏បានរំលឹកពីការទទួលបានគោរមងារពីអតីតព្រះមហាក្សត្រថា គឺជារឿងសំខាន់ខ្លាំង ខណៈសម្តេច ជា ស៊ីម ជាសម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម , សម្តេច ហេង សំរិន ជាអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចផ្ទាល់ ជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប៉ុន្តែត្រូវបានអតីតព្រះមហាក្សត្រថែម “អគ្គ” ។
សូមបញ្ជាក់ថា មាស គឺជាមេទព័ដ៏ពូកែម្នាក់ក្នុងរាជស្តេចព្រះជ័យចេស្តា ត្រូវបានព្រះរាជាប្រទានងារជា “តេជោមាស” លោកមានសិស្សម្នាក់ឈ្មោះថា យ៉ត ដែលជាសិស្សពូកែឆ្លាតវៃឧស្សាហ៍ចេញច្បាំងជាមួយលោក ដោយសារភាពខ្លាងនេះហើយ យ៉ត ក៏ត្រូវបានព្រះរាជា ប្រទានងារជា “តេជោយ៉ត”។
ដោយឡែក “តេជោដំឌិន” វិញ កើតនៅក្នុងសតវត្សទី១៣ ដែលមានឈ្មោះដើមថា “សុវណ្ណរង្សី” មានមហិឬទ្ធិខ្លាំងក្លាក្នុងការបង្ក្រាបពួកសៀមដែលសត្រូវឲ្យខ្លបខ្លាចនោះ ត្រូវបានព្រះរាជា ប្រទានងារថាជា “តេជោដាំដែនឌិន” ឬ “តេជោដំឌិន” ៕
