ភ្នំពេញ៖ លោក ចាប ឫទ្ធី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ក្រោមប្រធានបទ «សុវត្ថិភាព និងសុខភាពការងារ និងផលប៉ះពាល់សុខភាពដោយសារធាតុអាសបេស្តុស សម្រាប់កម្មករនិយោជិតក្នុងវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា» ដើម្បីផ្សព្វផ្សាយពីសុវត្ថិភាពការងារ និងការការពារខ្លួនមកពីផលប៉ះពាល់នៃសារធាតុអាសបេស្តុស។

កម្មវិធីសិក្ខាសាលាត្រូវបានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយមានលោក កូវ ប៊ុនធឿន អនុប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមធ្វើជាវាគ្មិនផងដែរ។ សិក្ខាសាលានេះ ត្រូវបានរៀបចំដោយសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ (BWTUC) និងមានការចូលរួមពីមន្រ្តីជំនាញសុវត្ថិភាព និងសុខភាពការងារ មន្រ្តីជំនាញនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តំណាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាងអង្គការអន្តរជាតិខាងការងារ (ILO) តំណាងកម្មករនិយោជិត និងតំណាងអង្គការសង្គមស៊ីវិលពាក់ព័ន្ធផ្សេងទៀត។

កម្មវិធីដ៏សំខាន់នេះ មានគោលបំណងពិភាក្សា ប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ និងធ្វើបច្ចុប្បន្នភាពអំពីគោលនយោបាយ កិច្ចអន្តរាគមន៍ បញ្ហាប្រឈម និងផែនការការងារផ្សេងៗជុំវិញសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់ ព្រមទាំងផលប៉ះពាល់ដោយសារធាតុអាសបេស្តុសមកលើសុខភាពកម្មករនិយោជិត។

មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកជំនាញដែលបានពិភាក្សាក្នុងសិក្ខាសាលានេះ បានលើកឡើងនូវផែនការ យុទ្ធសាស្ត្រជាច្រើន ដើម្បីដោះស្រាយ និងបង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធក្នុងទិសដៅលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់នៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត៕






