បរទេស៖ សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់របស់ ក្លឹប Liverpool គឺ កីឡាករ Diogo Jota អាយុ ២៨ ឆ្នាំបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅជិតទីក្រុង Zamora ភាគពាយព្យនៃប្រទេសអេស្ប៉ាញ ជាមួយប្អូនប្រុសរបស់គាត់ ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា នាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់នៃ Castile និង Leon បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា រថយន្តមួយគ្រឿងបានជួបគ្រោះថ្នាក់នៅព្រឹកព្រលឹមថ្ងៃព្រហស្បត្តិ៍ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ហើយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយបុរសពីរនាក់អាយុ ២៨ និង ២៦ ឆ្នាំបានរកឃើញថាបានស្លាប់។
សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានបាត់បង់ម្ចាស់ជើងឯកពីរនាក់។ ការស្លាប់របស់ពួកគេតំណាងឱ្យការបាត់បង់ដែលមិនអាចជួសជុលបានសម្រាប់បាល់ទាត់ព័រទុយហ្គាល់ ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីគោរពកេរ្តិ៍ដំណែលរបស់ពួកគេជារៀងរាល់ថ្ងៃ” ។
ប៉ូលីសអេស្បាញបានប្រាប់រ៉យទ័រថា ពួកគេមិនទាន់អាចបញ្ជាក់ជាផ្លូវការអំពីឈ្មោះអ្នកស្លាប់នោះទេ ប៉ុន្តែអ្វីគ្រប់យ៉ាងដែលចង្អុលបង្ហាញនោះគឺ Jota និងប្អូនប្រុសរបស់គាត់។ អ្នកនាំពាក្យរូបនេះបាននិយាយថា រថយន្ត Lamborghini ដែលពួកគេកំពុងធ្វើដំណើរបានបត់ចូលផ្លូវ។
សាកសពត្រូវបានគេយកទៅកាន់អង្គភាពធ្វើកោសល្យវិច្ច័យក្នុងទីក្រុង Zamora ។ កីឡាករ Jota ដែលបានរៀបការនៅថ្ងៃទី ២៨ ខែមិថុនាបានជួយ Liverpool ឈ្នះ Premier League កាលពីរដូវកាលមុន ហើយថែមទាំងឈ្នះពានរង្វាន់ FA Cup និង League Cup ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
