ព័ត៌មានជាតិ

ឈ្មោះរបស់សម្តេចតេជោ ហ៊ុន សែន ល្បីល្បាញ និងត្រូវបានប្រជាជនគោរព នៅក្នុងប្រទេសទីម័រខាងកើត

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នាថ្ងៃទី៣ កក្កដានេះ លោកErmenegildo Kupa Lopes ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតចប់អាណត្តិ ប្រចាំកម្ពុជា បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះការដឹកនាំដ៏គំរូរបស់សម្តេច ហើយបានកត់សម្គាល់ថាឈ្មោះរបស់សម្តេចគឺល្បីល្បាញ និងត្រូវបានប្រជាជនគោរពនៅក្នុងប្រទេសទីម័រខាងកើត។

បេីតាមអ្នកនាំពាក្យរងក្រសួងការបរទេស បានឲ្យដឹងថា ក្នុងជំនួបនោះទីម័រខាងកើត បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះកម្ពុជា ដែលបានគាំទ្រទីម័រខាងកើត ឱ្យ ក្លាយជាសមាជិកទី១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ឧបនាយករដ្ឋមន្ត្រី  ប្រាក់ សុខុន បានកោតសរសើរចំពោះការយកចិត្តទុកដាក់ក្នុង ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រខាងកើត។ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរជាពិសេសចំពោះការខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូតចាប់តាំងពីខែ មេសា ឆ្នាំ២០២០ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ និងថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានសម្របសម្រួលដំណើរទស្សនកិច្ចផ្លូវការនាពេលថ្មីៗ នេះ របស់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់ប្រទេសទីម័រខាងកើត ព្រមទាំងបាន ទទួលស្គាល់ពីវឌ្ឍនភាពរបស់ប្រទេសទីម័រខាងកើតឆ្ពោះទៅកាន់ការក្លាយជាសមាជិកអាស៊ានទី១១ ដែលថ្នាក់ដឹកនាំអាស៊ាននឹងធ្វើសេចក្តីសម្រេចចិត្តជាផ្លូវការនៅខែតុលា ឆ្នាំ២០២៥នៅប្រទេសម៉ាឡេស៊ី។

ឯកអគ្គរដ្ឋទូត Lopes បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ កម្ពុជា ចំពោះការដឹកនាំដ៏គំរូរបស់សម្តេចហើយបានកត់សម្គាល់ថា «ឈ្មោះរបស់សម្តេចតេជោគឺល្បីល្បាញ និងត្រូវបានប្រជាជនគោរពនៅក្នុងប្រទេសទីម័រខាងកើត» ។ 

ឧបនាយករដ្ឋមន្ត្រីបានធានាចំពោះឯកអគ្គរដ្ឋទូតថា ឯកអគ្គរដ្ឋទូតទីម័រខាង កើតដែលនឹងមកកាន់តួនាទីបន្ទាប់ នឹងទទួលបានកិច្ចសហប្រតិបត្តិការ និងការគាំទ្រដូចគ្នា៕

To Top