ព័ត៌មានអន្តរជាតិ

គ្រូបង្រៀននៅប្រទេសថៃម្នាក់ ប្រើថ្នាំញៀន មេតំហ្វេតាមីន ១ថ្ងៃ ៣គ្រាប់ រយៈពេលជាង២០ឆ្នាំ ទើបត្រូវបែកការ និង​ត្រូវបានប៉ូលិសចាប់ខ្លួន

xinhua

បរទេស៖ គ្រូបង្រៀនម្នាក់ នៅក្នុងខេត្ត Nong Bua Lam Phu ប្រទេសថៃ ត្រូវបានព្យួរអាជ្ញាប័ណ្ណបង្រៀន បន្ទាប់ពីត្រូវបានចាប់ខ្លួន ពីបទប្រើប្រាស់ថ្នាំមេតំហ្វេតាមីន និងកាន់កាប់អាវុធដែលមិនបានចុះបញ្ជី។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមប្រឹក្សាគ្រូបង្រៀន ប្រទេសថៃបានផ្តួចផ្តើមនីតិវិធីដាក់វិន័យ យ៉ាងធ្ងន់ធ្ងរបំផុត បន្ទាប់ពីមានការលាតត្រដាងថា គ្រូបង្រៀនបានប្រើថ្នាំញៀនប្រភេទ មេតំហ្វេតាមីនអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃអង្គារ នៅពេលដែលប៉ូលីសបានឆ្មក់ចូលផ្ទះរបស់គ្រូបង្រៀននៅក្នុងឃុំ Kudhae នៃស្រុក Na Klang ។ សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​១២​គ្រាប់ និង​អាវុធ​ខុសច្បាប់​២​ដើម ។ ការ​ឆ្មក់​ចូល​នោះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ត្អូញត្អែរ​ម្តង​ហើយ​ម្តង​ទៀត​ពី​អ្នក​ស្រុក​ដែល​ចោទ​ថា​ គ្រូ​បង្រៀនរូបនោះនោះ​ជា​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​យូរ​មក​ហើយ។ ជនសង្ស័យ​អាយុ​៤៤​ឆ្នាំ​ជា​គ្រូបង្រៀន​អប់រំកាយ​និង​សិល្បៈ​សម្រាប់​សិស្ស​ថ្នាក់​ទី​៦​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​។

ប៉ូលីសបាននិយាយថា ក្រោយមកគាត់បានសារភាពថាបានប្រើប្រាស់ថ្នាំ មេតំហ្វេតាមីន ដល់ទៅ ៣ គ្រាប់ក្នុងមួយថ្ងៃក្នុងរយៈពេល ២ ទសវត្សរ៍ ឬជាង ២០ឆ្នាំ កន្លងមកនេះ ហើយបានសារភាពថាគាត់មិនអាចបញ្ឈប់បានទេ។

លោក Amolwan Weerathammo អគ្គលេខាធិការក្រុមប្រឹក្សាគ្រូបង្រៀន នៃប្រទេសថៃកាលពីម្សិលមិញបានអះអាងថា គ្រូបង្រៀនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដែលនឹងផុតកំណត់នៅក្នុងខែកញ្ញាឆ្នាំក្រោយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top