ព័ត៌មានជាតិ

រដ្ឋមន្ត្រី ក្រសួងការងារ ជំរុញគ្រូឧទ្ទេស ខិតខំអភិវឌ្ឍន៍ចំណេះដឹង ឱ្យខ្លាំងបន្ថែមទៀត និងបំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់

ភ្នំពេញ ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី “វិធីសាស្ត្របង្រៀន និង ការប្រើប្រាស់ម៉ូឌុលតាមជំនាញ” លើកទី៣ ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ការរៀបចំវគ្គវិក្រឹតការ គ្រូបច្ចេកទេស ស្តីពី “វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ” លើកទី៣នេះគឺដើម្បីគាំទ្រ និងពង្រឹងដល់កម្មវិធី១,៥លាននាក់ ជាពិសេសពង្រឹង និងលើកម្ពស់សមត្ថភាព និងចំណេះដឹងរបស់លោកគ្រូ អ្នកគ្រូ សំដៅប្រែក្លាយយុវជនកម្ពុជា ឱ្យក្លាយខ្លួន ជាកម្លាំងពលកម្មជំនាញ អ្នកបច្ចេកទេស និងដើម្បីចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មសំដៅ ការលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ក្នុងពេលឡើងថ្លែងសុន្ទរកថា បិទបញ្ចប់វគ្គ លោករដ្ឋមន្ត្រី បានជំរុញឱ្យគ្រូឧទ្ទេសយកចំណេះដឹង ដែលទទួលបានពីវគ្គនេះ ទៅអភិវឌ្ឍន៍បន្ថែម តាមរយៈការរំលឹកមេរៀន និងខិតខំធ្វើការសិក្សាស្រាវជ្រាវខ្លួនឯងបន្ថែម តាមប្រព័ន្ធអនឡាញ ធ្វើយ៉ាងណាប្រែក្លាយខ្លួនទៅជាគ្រូ TVET ដ៏ឆ្នើមនិងទទួលបានការកោតសរសើរ ពីគ្រប់មជ្ឈដ្ឋាន។

ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូ យកចំណេះដឹង ជំនាញ និងបទពិសោធ ដែលទទួលបានពីវគ្គ វិក្រឹតការនេះ ទៅចែករំលែកបន្តដល់លោកគ្រូ អ្នកគ្រូនៃគ្រឹះស្ថានរបស់ខ្លួន ព្រមទាំងយកគំនិតល្អៗ ក្នុងវគ្គបំប៉ននេះទៅបណ្តុះបណ្តាលដល់ សិក្ខាកាម សិស្ស និស្សិត ដើម្បីឱ្យពួកគេទទួលបានចំណេះដឹង និងជំនាញស្របតាមទីផ្សារការងារ។

សម្រាប់លោករដ្ឋមន្ត្រី លោកគ្រូ អ្នកគ្រូ គឺជាប្រតិបត្តិករដ៏សំខាន់ក្នុងការចូលរួមដោយផ្ទាល់ ដើម្បីផ្លាស់ប្តូរជោគវាសនា របស់យុវជនមកពីគ្រួសារក្រីក្រចំនួន ១,៥លាននាក់ នៅទូទាំងប្រទេស ឱ្យមានចំណេះ ជំនាញ ស្របតាមអភិក្រម សម្ដេចធិបតី “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” និងជួយឱ្យពួកគេអាចចាកចេញ ពីភាពក្រីក្រ កែប្រែអនាគត ជីវភាព បង្កើតស្នាមញញឹម និងសុភមង្គលនៅក្នុងក្រុម គ្រួសារ និងសហគមន៍របស់ពួកគេ ព្រមទាំងបង្កើនភាពរុងរឿង និងសុខដុមរមនារបស់កម្ពុជាទាំងមូល ៕

To Top