កំពង់ស្ពឺ: អភិបាលខេត្តកំពង់ស្ពឺលោក ជាម ច័ន្ទសោភ័ណ បានធ្វើការព្រមានទៅដល់អភិបាលក្រុងស្រុក និងមេឃុំចៅសង្កាត់ទាំងអស់ថា លោកនិងមិនលើកលែងឱ្យទេប្រសិនរកឃើញថា មានជាប់ពាក់ព័ន្ធឬឃុបឃិតជាមួយការបើកឱ្យ មានល្បែងស៊ីសងគ្រប់ប្រភេទពិសេស គឺក្រុមអនឡាញខុសច្បាប់។ ការព្រមានដូច្នេះធ្វើឡើងក្នុងពិធីប្រកាសលោក គង់ ឈុនលី ជានាយករដ្ឋបាលនិងលោក វ៉ាន់ វ៉ាត ជានាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ស្ពឺ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។
លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ប្រទេសជិតខាងយើង គេបានចោទមកកម្ពុជាជាប្រទេសដែលបង្កើតឱ្យមាន បទល្មើសតាមប្រព័ន្ធអនឡាញ ជាកន្លែងដែលក្រុមឧក្រិដ្ឋជនជ្រកកោន។ ដើម្បីបង្ហាញភាពស្អាតស្អំនិងបញ្ជាក់ថា ប្រទេសកម្ពុជាគ្មានបទល្មើសទាំងនេះ អាជ្ញាធរក្រុងស្រុកនិងមេឃុំចៅសង្កាត់ត្រូវតែតាមដាននិងពិនិត្យមើលនូវរាល់ទីតាំងសង្ស័យក្នុងមូលដ្ឋានរបស់ខ្លួន។
ក្នុងករណីរកឃើញថា មានបទល្មើសនេះ ចៅហ្វាយក្រុងស្រុកនិងមេឃុំចៅសង្កាត់ ត្រូវតែរាយការណ៍បន្ទាន់មករដ្ឋបាលខេត្ត ឬអភិបាលខេត្តដើម្បីបង្ក្រាបឬកំទេចចោល ជៀសវាងបង្កើតបទល្មើសឱ្យកាន់តែធំ។
អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ជំហរយ៉ាងមុតមាំថា អភិបាលក្រុងស្រុកឬមេឃុំចៅសង្កាត់ទាំងអស់និងមិនរួចខ្លួនទេ ប្រសិនជារកឃើញថាបាននិងកំពុងមានការឃុបឃិត ឬនៅពីក្រោយខ្នងការបើកឱ្យមានបទល្មើសអនឡាញទាំងនោះ។ ទន្ទឹមនេះ អាជ្ញាធរក្រុងនិងស្រុក ឃុំសង្កាត់ក៏ត្រូវចូលរួមឱ្យបានផុលផុស ក្នុងការបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសនានា នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រងផងដែរ ក្នុងនោះត្រូវទប់ស្កាត់និងបង្ក្រាបឱ្យបានដាច់ខាត ចំពោះការចរាចរណ៍បទល្មើសគ្រឿងញៀន ក្មេងទំនើង និងសកម្មភាពចោរលួច ឆក់ប្លន់ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ជាមួយនោះក៏ត្រូវតាមដានរាល់សកម្មភាពក្រុមអ្នកវិនិយោគនានា ដែលបាននិងកំពុងឆបោកពលរដ្ឋតាមរយ:ការលក់ដីឡូតិ៍ ផ្ទះល្វែង និងបុរីជាដើម ដើម្បីផ្តល់ឱកាសទាន់ពេលដល់រដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់ជាមួយបទល្មើសនេះ បញ្ជៀសការចាញ់បោកកាន់តែធ្ងន់ធ្ងរ៕
ដោយ:សុខ សុភ័ណ្ឌ រូបថត មន្ទីរព័ត៌មាន




