បរទេស៖ អ៊ុយក្រែនបាននិយាយថា នៅថ្ងៃសៅរ៍នេះ ខ្លួនបានវាយប្រហារមូលដ្ឋានអាកាសរុស្ស៊ី ខណៈពេលដែលរុស្ស៊ីបានបន្តវាយលុកអ៊ុយក្រែនជាមួយនឹងយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងពេញមួយយប់ ដែលជាផ្នែកនៃយុទ្ធនាការទម្លាក់គ្រាប់បែកដែលបានបង្កើនក្តីសង្ឃឹម សម្រាប់របកគំហើញក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមដែលមានរយៈពេលជាង ៣ ឆ្នាំមកនេះ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គសេនាធិការយោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃសៅរ៍នេះថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារមូលដ្ឋានអាកាស Borisoglebsk ក្នុងតំបន់ Voronezh របស់រុស្ស៊ី ដោយពណ៌នាថាវាជា “មូលដ្ឋាន” របស់យន្តហោះចម្បាំង Su-34, Su-35S និង Su-30SM របស់រុស្ស៊ី។
ដោយសរសេរនៅលើហ្វេសប៊ុក អគ្គសេនាធិការអ៊ុយក្រែនរូបនេះបាននិយាយថា ខ្លួនបានវាយប្រហារឃ្លាំងផ្ទុកគ្រាប់បែកល យន្តហោះហ្វឹកហាត់ និង “អាចជាយន្តហោះផ្សេងទៀត” ។ ចំណែកមន្ត្រីរុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីការវាយប្រហារនេះទេ។
កងកម្លាំងអាកាសអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួន ៣២២ គ្រឿងចូលក្នុងប្រទេសអ៊ុយក្រែនពេញមួយយប់គិតត្រឹមថ្ងៃសៅរ៍។ ក្នុងនោះ ១៥៧គ្រឿង ត្រូវបានគេបាញ់ទម្លាក់ និង ១៣៥គ្រឿង បានបាត់បង់ ដែលទំនងជាត្រូវបានជាប់គាំងអេឡិចត្រូនិក៕
ប្រែសម្រួលៈ ណៃ តុលា
