ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវឲ្យមានកិច្ចចរចាសន្តិភាព ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន

xinhua

ប៊ែរឡាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន បានតស៊ូមតិយ៉ាងខ្ជាប់ខ្ជួនសម្រាប់កិច្ចចរចាសន្តិភាព ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន និងស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងអស់ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយ យូរអង្វែង និងចងភ្ជាប់។

លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Johann Wadephul នៅទីក្រុងប៊ែកឡាំង។

លោកបានលើកឡើងថា ជំហររបស់ចិនចំពោះវិបត្តិអ៊ុយក្រែនគឺបើកចំហ និងជាប់លាប់ ដែលរួមមានការទទូចលើការចរចាសន្តិភាព មិនមែនផ្តល់អាវុធដ៍សាហាវដល់ភាគីជម្លោះ និងគ្រប់គ្រងការនាំចេញរបស់ប្រើប្រាស់ពីរ (ស៊ីវិល/យោធា) រួមទាំងយន្តហោះគ្មានមនុស្សបើកយ៉ាងតឹងរ៉ឹង។

លោក  បានបន្ដថា ប្រទេសចិន មិនត្រឹមតែបានបំពេញទំនួលខុសត្រូវអន្តរជាតិរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តួចផ្តើមបង្កើតក្រុម “មិត្តសន្តិភាព” ជាមួយប្រទេសប្រេស៊ីល និងបណ្តាប្រទេសខាងត្បូងសកលផ្សេងទៀតនៅអង្គការសហប្រជាជាតិ ដោយបានប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងសម្រាប់បទឈប់បាញ់ និងបញ្ចប់ជម្លោះ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាក់ម្តងហើយម្តងទៀតថា គ្មានដំណោះស្រាយសាមញ្ញចំពោះបញ្ហាស្មុគស្មាញនោះទេ លោក វ៉ាង យី បានកត់សម្គាល់ដោយសង្កត់ធ្ងន់ថា ទោះបីជានៅតែមានភាពខុសគ្នាខ្លាំងនៅក្នុងមុខតំណែងរបស់ភាគីពាក់ព័ន្ធក៏ដោយ វាជាការប្រសើរក្នុងការនិយាយជាជាងការប្រយុទ្ធ។

លោកបានបន្ថែមថា ប្រវត្តិសាស្ត្រអឺរ៉ុបក្នុងរយៈពេលជាច្រើនសតវត្សកន្លងមកនេះ បានបង្ហាញឱ្យឃើញថា ទោះបីជាស្ថានការណ៍ស្មុគស្មាញ និងលំបាកយ៉ាងណាក៏ដោយ ទ្វារទៅកាន់សន្តិភាព និងការផ្សះផ្សាជាតិមិនគួរត្រូវបានបិទនោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top