ព័ត៌មានជាតិ

គ្រាប់ពេជ្រ ទើបច្នៃ

ភ្នំពេញ៖ កញ្ញា ប្រាក់ មុនីរ័ត្ន មានស្រុកកំណើតនៅរាជធានីភ្នំពេញ បានចំណាយពេលវេលា៤ឆ្នាំ ចាកចេញពីក្រុមគ្រួសារនិងប្រទេសកំណើត ក្នុងវ័យ១៩ឆ្នាំ ទៅបន្តការសិក្សា និងបានបញ្ចប់ការសិក្សាដោយជោគជ័យ ព្រមទាំទទួលបានសញ្ញាប័ត្រក្រហម (Red Diploma) លើផ្នែកគ្រប់គ្រងអាជីវកម្មពីសាកលវិទ្យាល័យ Financial University under the Government of the Russian Federation នៅទីក្រុងម៉ូស្គូនៃប្រទេសរុស្ស៊ី។

ផ្តល់បទសម្ភាសន៍ជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃអាទិត្យ ទី​៦ ខែកក្កដា ឆ្នាំ២០២៥ មុនីរ័ត្ន បានបង្ហាញនូវស្នាមញញឹមប្រកបដោយមោទនភាព និងជំនឿចិត្តយ៉ាងមុតមាំ ចំពោះសមិទ្ធផលដ៏ធំធេងមួយសម្រាប់ជីវិតរបស់កញ្ញា ក្នុងដំណើរកសាងសុភមង្គល​ក្នុងក្រុមគ្រួសារ និងអនាគតការងារ។

ក្រោយបញ្ចប់ការសិក្សា មុនីរ័ត្ន ចំរើនវ័យ ២៣ឆ្នាំ ជាវ័យមួយអាចមានគូរស្រករ ប៉ុន្តែកញ្ញា មិនទាន់ចាប់អារម្មណ៍ឡើយ អ្វីដែលចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺស្វែងរកឱកាសនៅស្ថាប័នសហគ្រាសពាណិជ្ជកម្មអន្តរជាតិ រឺក៏ការងារជារាជការ ដើម្បីបន្តដុសខាត់សមត្ថភាព និងជំនាញរបស់ផងខ្លួន។

កញ្ញា មុនីរ័ត្ន ដែលបងប្អូនបង្កើតស្រី២នាក់ បានស្រដីថា “រឿងគូរស្រក អីនោះ នាងខ្ញុំមិនទាន់គិតទេ។”

ដោយមានស្មារតីនិងឆន្ទៈមោមុត យុវតីរូបនេះ ចង់ចំណាយពេលប្រឡូកជាមួយការងារជាមុនសិន ជាពិសេស​ចង់រួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ព្រោះថា អ្វីដែលនាងបានសិក្សារៀនរុស្សី នៅប្រទេស​រុស្ស៊ី គឺពិតជាយកមកអនុវត្តបាននៅក្នុងប្រទេសកម្ពុជា។

ជាយុវជនជំនាន់ក្រោយ មុនីរ័ត្ន បានសង្កេតឃើញថា ប្រទេសកម្ពុជា មានលាកានុវត្តភាពច្រើន ជាពិសេស​សម្រាប់និស្សិតឆ្នើមដូចជារូបនាង។

ការបញ្ចប់សញ្ញបត្របរិញ្ញាបត្រ នាងមានសមត្ថភាពសិក្សារៀនសូត្រ បែបលក្ខណៈអន្តរជាតិ ពោលការសិក្សាប្រើប្រាស់ជាភាសាអង់គ្លេសជាយាន ហើយនាងមានក៏មានសមត្ថភាព អាចភាសារុស្ស៊ី និងចិន បានល្អបង្គួរផងដែរ។

ក្នុងនាមជានិស្សិតផ្នែកគ្រប់គ្រងអាជីវកម្ម មុនីរ័ត្ន បន្ថែមថា “នាងខ្ញុំបានសិក្សាលើវិធីសាស្រ្តគ្រប់គ្រងទំនើប យុទ្ធសាស្ត្រអាជីវកម្មអន្តរជាតិ ការវិភាគហិរញ្ញវត្ថុ និងជំនាញដឹកនាំ។ នាងខ្ញុំមានមោទនភាព និងព្យាយាមយកចំណេះដឹងដែលទទួលបាន ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងការលើកស្ទួយសមត្ថភាពអាជីវកម្មខ្មែរ និងជំនាញគ្រប់គ្រងសហគ្រាសឱ្យកាន់តែរីកលូតលាស់ឡើងៗ។

ប្រទេសកម្ពុជា ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករណ៍ថា នឹងកំណើនសេដ្ឋកិច្ច ៦,១ភាគរយ នៅឆ្នាំ២០២៥ និង ៦,២ ភាគរយនៅឆ្នាំ២០២៦។

ប្រទេសកម្ពុជា ត្រូវបានគេកូនខ្លាសេដ្ឋកិច្ចមួយតំបន់អាស៊ាន នោះក៏ព្រោះកំណើនវិនិយោគបរទេស កាន់តែច្រើន បង្កើតបរិយាកាសការងារ ដល់ប្រជាពលរដ្ឋ ជាពិសេសប្រទេសនេះ មានភាគច្រើនជាយុវជន ជាកម្លាំងចលករបន្ថែមរុញកំណើនសេដ្ឋកិច្ចជាតិ។

ជាមួយជ័យលាភីរបស់ មុនីរ័ត្ន សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី ក៏ជូនពរ កញ្ញា ប្រាក់ មុនីរ័ត្នមានសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងក្រុមគ្រួសារ និងបន្តទទួលបានជោគជ័យថ្មីៗទៀតក្នុងភារកិច្ចការងារនាថ្ងៃអនាគត ។

មុនីរ័ត្ន ក៏បានបង្ហោះសាររបស់នាង នៅតាមបណ្តាញសង្គមហ្វេសប៊ុកផងដែរថា “នាងខ្ញុំមានមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្លា ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ព្រមទាំទទួលបានសញ្ញាប័ត្រក្រហម (Red Diploma) លើផ្នែកគ្រប់គ្រងអាជីវកម្មពីសាកលវិទ្យាល័យ Financial University under the Government of the Russian Federation នៅទីក្រុងម៉ូស្គូនៃប្រទេសរុស្ស៊ី។  សញ្ញាប័ត្រដ៏ឧត្តមនេះ ដែលត្រូវបានគេស្គាល់ជាភាសារុស្ស៊ីថា Красный диплом គឺជាស្នាដៃដ៏ខ្ពង់ខ្ពស់បំផុតមួយ ក្នុងប្រព័ន្ធអប់រំឧត្តមសិក្សារុស្ស៊ី ដែលត្រូវបានផ្តល់ជូនទៅដល់សិស្សនិស្សិតដែលបង្ហាញពីសមត្ថភាពអស្ចារ្យក្នុងការសិក្សា។

កញ្ញា មុនីរ័ត្ន គឺប្អូនជីដូនមួយ របស់កញ្ញា មេធាវី ណា ម៉ារីណែត ដែលជាអតីតនិស្សិតទទួលបានអាហារូបករណ៍ ១០០% ពី Teikyo University ក្នុងឆ្នាំ ២០១៩-២០២១ និង មេធាវី ណា ម៉ារីយ៉ា (ជានិស្សិតកិតិ្តយសនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត វិទ្យាសាស្រ្តសេដ្ឋកិច្ច ឆ្នាំ ២០២២)។

ស្វែងយល់ពីសញ្ញាបត្រក្រហម របស់សហព័ន្ធរុស្ស៊ី៖

+ តើសញ្ញាបត្រក្រហមជាអ្វី?

 សញ្ញាប័ត្រក្រហមត្រូវបានផ្តល់ឱ្យសិស្សនិស្សិតដែលបំពេញតាមលក្ខណៈវិនិច្ឆ័យសិក្សាយ៉ាងម៉ត់ចត់៖ សាកលវិទ្យាល័យរុស្ស៊ីជាធម្មតាប្រើមាត្រដ្ឋានចំណាត់ថ្នាក់ ៥ពិន្ទុ ដែល ៥ គឺខ្ពស់បំផុត (ល្អឥតខ្ចោះ) និង ២ គឺទាបបំផុត (បរាជ័យ) ។   ដើម្បីទទួលបានសញ្ញាប័ត្រពណ៌ក្រហម នៅសាកលវិទ្យាល័យរុស្ស៊ី ចាំបាច់តម្រូវឲ្យនិស្សិតបានយ៉ាងតិច ៧៥% ឡើង នៃគ្រប់មុខវិជ្ជាទាំងអស់ត្រូវស្ថិតនៅក្រោមចំណាត់ថ្នាក់ ៥ ពិន្ទុ សញ្ញា “ល្អឥតខ្ចោះ” និងមិនមានមុខវិជ្ជាមួយណាស្ថិតនៅ ចំណាត់ថ្នាក់ ៣  ឬក្រោម ៣ ពិន្ទុ សញ្ញា “ពេញចិត្ត” នេះរាប់បញ្ជូលនឹងការប្រឡងរដ្ឋ ជាមួយការការពារនិក្ខេបបទសញ្ញាប័ត្រផងដែរ។   សញ្ញាប័ត្រក្រហមបង្ហាញពីឧត្តមភាពជាប់លាប់ និងភាពស្ទាត់ជំនាញនៃវិស័យរបស់និស្សិត ដែលអាចទទួលស្គាល់ឬអាចប្រៀបធៀបទៅនឹង summa cum laude នៅក្នុងប្រព័ន្ធសិក្សាលោកខាងលិច។ 

+ គុណសម្បត្តិនៃសញ្ញាប័ត្រក្រហម

 1. ឱកាសការងារ

និយោជកទូទាំងពិភពលោកទទួលស្គាល់សញ្ញាប័ត្រក្រហមជាភស្តុតាងនៃសមត្ថភាពឆ្នើម។  និស្សិតបញ្ចប់ការសិក្សាជារឿយៗទទួលបានតួនាទីជាអ្នកដឹកនាំនៅក្នុងសាជីវកម្មពហុជាតិ ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនប្រឹក្សាយោបល់។ 

 ២. អត្ថប្រយោជន៍សិក្សា

 បង្កើនឱកាសសម្រាប់ការសិក្សាក្រោយឧត្តមសិក្សា រួមទាំងអាហារូបករណ៍ និងជំរុញការចុះឈ្មោះសិក្សាផ្សេងៗនៅសាកលវិទ្យាល័យល្បីៗនៅបរទេស។ 

 ៣. អត្ថប្រយោជន៍ផ្នែកអន្តោប្រវេសន៍

 នៅប្រទេសរុស្ស៊ី អ្នកកាន់សញ្ញាប័ត្រក្រហម អាចមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ទិដ្ឋាការការងាររហ័ស ការស្នាក់នៅអចិន្ត្រៃយ៍ ឬការទទួលបានសញ្ជាតិឆាប់រហ័ស ដោយរដ្ឋាភិបាលផ្តល់អាទិភាពដល់និស្សិតបញ្ចប់ការសិក្សាដែលមានជំនាញខ្ពស់។ 

 ៤. ការទទួលស្គាល់វិជ្ជាជីវៈ

 សញ្ញាប័ត្រនេះពង្រឹងការទទួលស្គាល់ក្នុងទីផ្សារការងារដែលមានការប្រកួតប្រជែង ផ្តល់ឱ្យនិស្សិតបញ្ចប់ការសិក្សានូវភាពជឿជាក់មួយក្នុងការចរចារសម្រាប់ប្រាក់ខែ និងការដំឡើងឋានៈខ្ពស់។ 

To Top