ព័ត៌មានជាតិ

ប្រមុខក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ច​ ប្រទេសសិង្ហបុរី នឹងត្រៀមចុះ MOU ស្ដីពីការបង្ការ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ ចេញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរីរហូតដល់ថ្ងៃទី៩ ខែកក្កដា ។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក K. Shanmugam រដ្ឋមន្រ្តីក្រសួងសម្រប សម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃសិង្ហបុរី ។

បើតាម លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ ឧបនាយករដ្ឋមន្រ្តី ស សុខា នៅប្រទេសសិង្ហបុរី ឧបនាយករដ្ឋមន្រ្តី ស សុខា នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោក K.Shanmugam រដ្ឋមន្រ្តីក្រសួងសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី ព្រមទាំងចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ ស្ដីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីបន្តពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការ លើវិស័យសន្តិសុខ រវាងកងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។

ក្នុងឱកាសទស្សនកិច្ចនេះដែរ អ្នកនាំពាក្យ បានឱ្យដឹងទៀតថា លោកឧបនាយករដ្ឋមន្រ្តី ក៏នឹងមានជំនួបសម្ដែងការ គួរសមជាមួយ នាយករដ្ឋមន្រ្តីសិង្ហបុរី ព្រមទាំងបន្តដឹកនាំគណៈប្រតិភូទស្សនកិច្ចស្វែងយល់ នៅតាមបណ្ដាទីតាំងសំខាន់ៗ ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ និងការប្រយុទ្ធប្រឆាំងបទ ល្មើសឆបោកអនឡាញ។

សូមបញ្ជាក់ជូនថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសិង្ហបុរី បានបង្កើតយន្តការសហប្រតិបត្តិការក្នុងការងារបង្ការ និងប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន តាំងពីឆ្នាំ២០០៨មកម្លេះ ។ ឈរលើស្មារតី សហប្រតិបត្តិការនេះ ក្រសួងទាំងពីរ បានបង្ហាញ ឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ ទាំងការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរគណៈប្រតិភូ គ្រប់កម្រិត ព្រមទាំងកិច្ចសហការស្រាវជ្រាវ និងចាប់ខ្លួនជនល្មើស។

លោករ៉េន រតនៈ បានសង្កត់ធ្ងន់ថា អនុស្សារណៈត្រៀមចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ច ឧបនាយករដ្ឋមន្រ្តី គឺជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ពីការបន្តប្ដេជ្ញាចិត្ត រវាងស្ថាប័ន អនុវត្តច្បាប់ នៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ដែលជាបទល្មើសប្រឈម ពាសពេញសកលលោក និងទាមទារឱ្យមានកិច្ច សហប្រតិបត្តិការជាក់ស្ដែង និយមទាំងកម្រិតទ្វេភាគី និងពហុភាគី៕

To Top