ព្រៃវែង៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ បានពន្យល់ដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃឱ្យចុះឈ្មោះធ្វើការងារនៅរោងចក្រសហគ្រាសក្នុងប្រទេស ព្រោះមានលក្ខខណ្ឌការងារល្អ និងអត្ថប្រយោជន៍សម្បូរបែបជាងនៅប្រទេសថៃ។

ការគូសបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី បានអញ្ជើញថ្លែងទៅកាន់ប្រជាពលរដ្ឋ និងពលករដែលទើបមកពីប្រទេសថៃប្រមាណ ១០០០នាក់ក្នុង «វេទិកាការងារ» នៅស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានការចូលរួមពីក្រុមហ៊ុនចំនួន ៨ ជាមួយឱកាសការងារជិត ១ម៉ឺនកន្លែង។

លោករដ្ឋមន្រ្តីបានអះអាងថា ការធ្វើការងារនៅរោងចក្រសហគ្រាសនៅកម្ពុជា បងប្អូនពលករនឹងទទួលបាន ការថែទាំសុខភាពដោយឥតគិតថ្លៃ ប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) ការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងការយកចិត្តទុកដាក់ដែលពលករមិនដែលទទួលបាននៅអំឡុងពេលធ្វើការនៅប្រទេសថៃ។

លោករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា៖«ចំណូលយើង បើបូកចូលគ្នាទាំងប្រាក់ខែគោល បូកទាំងប្រាក់ឧបត្ថម្ភនានាទៀត ខ្ញុំគិតថា មិនតិចជាង ២៥០ដុល្លារនោះទេ ហើយបើថែមម៉ោងទៀត អាចឡើងដល់ជាង ៣០០ដុល្លារដែរ ប្រាក់៣០០ដុល្លារជាងនេះ អាចមានបងប្អូនខ្លះថា នៅទាបជាងគេ ប៉ុន្ដែកុំភ្លេចថា លុយបងប្អូន ៣០ ឬ៥០ដុល្លារនៅពេលនេះ គឺដូចរដ្ឋទុកលុយឱ្យបងប្អូនអីចឹង គឺថ្ងៃក្រោយ ពេលបងប្អូនឈឺ រដ្ឋចេញលុយ ពេលបងប្អូនចាស់ទៅ រដ្ឋយកលុយរបស់ប្អូន យកមកឱ្យបងប្អូនវិញ។ ប៉ុន្ដែបើបងប្អូនធ្វើការងារនៅក្រៅប្រទេស ពេលបងប្អូនឈឺ ឬពេលបងប្អូនចាស់ទៅ គឺមិនមានលុយសងត្រឡប់មកឱ្យបងប្អូនយើងវិញទេ ព្រោះយើងគ្មានប្រាក់សន្សំនៅទីនោះ…ជាពិសេស បងប្អូនស្រី្តដែលសម្រាលកូន ក៏ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។ អ៊ីចឹងផលប្រយោជន៍ទាំងអស់នេះ អាចធ្វើឱ្យបងប្អូនគិតពិចារណាក្នុងការងាកមកធ្វើការងារនៅក្នុងស្រុកយើងវិញ»។

ជាមួយនឹងប្រាក់ឈ្នួលខុសគ្នាបន្តិចបន្តួចរវាងការធ្វើការនៅកម្ពុជា និងថៃ លោករដ្ឋមន្ត្រីបានអំពាវនាវសារជាថ្មីម្តងទៀតទៅដល់ពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ និងអ្នកដែលមានគោលបំណងវិលមកកាន់កម្ពុជា ឱ្យជ្រើសរើសការងារនៅកម្ពុជាវិញ ព្រោះជាការកាត់ចំណាយ សន្សំសំចៃ និងមានសុវត្ថិភាពខ្ពស់។
សូមបញ្ជាក់ថា ដើម្បីធានាថា ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញមានការងារភ្លាមៗ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបើកវេទិកានៅតាមបណ្ដាខេត្តធំៗចំនួន ៥រួមមាន ខេត្តព្រៃវែង កំពង់ចាម កំពង់ធំ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង៕
