ព័ត៌មានជាតិ

ទូតបារាំងចប់អាណត្តិ​ ៖ កិច្ចសហការជាច្រើន រវាងបារាំង-កម្ពុជា បង្ហាញពីទំនាក់ទំនងដ៏រឹងមាំ រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ក្រោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជា លោក ហ្សាក់ ប៉ែលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូត​ នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាច្រើនរវាងបារាំង និងកម្ពុជា បានបង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងប្រទេសទាំងពីរ។

ការគូសបញ្ជាក់របស់ឯកអគ្គរដ្ឋទូតចប់អាណត្តិបារាំង ខាងលើនេះ ធ្វើឡើងក្នុងឱកាស ចូលជួបសម្តែងការគួរសម និងជម្រាបលា ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា ខណៈដែលលោកបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

ក្នុងនោះ លោកទូត បានបង្ហាញនូវសេចក្តីសប្បាយរីករាយ ដែលបានធ្វើជាតំណាង នៃសាធារណរដ្ឋបារាំង មកបំពេញបេសកកម្មការទូត ប្រចាំកម្ពុជា ខណៈដែលកាន់តែពិសេសនោះ គឺថា កម្ពុជា ជាប្រទេសដំបូងបំផុត ដែលលោកបានចាប់ផ្តើមការងារការទូត និងជាប្រទេសចុងក្រោយ ដែលលោកបញ្ចប់ការងារការទូតនេះ។

លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណ​ ជូនចំពោះសម្ដេចបវរធិបតី ដែលបានអញ្ជើញចូលរួម ក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង កាលពីខែមិថុនា កន្លងនេះ។

បន្ថែមលើនេះ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការ ជាច្រើនរវាងបារាំង និងកម្ពុជា ដែលនេះបង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះ លើវិស័យសំខាន់ៗ ជាច្រើន រួមមាន ៖ វិស័យសន្តិសុខ និងការពារជាតិ, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ធនធានទឹក, ការផ្គត់ផ្គង់ទឹកស្អាត, វប្បធម៌, អប់រំ, និងសុខាភិបាល។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះ​ លោកឯកអគ្គរដ្ឋទូត និង សហការី និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោកឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែក ដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំពីរ។

សម្ដេចធិបតី ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ភាពរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនង រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន នៃប្រទេសទាំងពីរ។

សម្ដេចធិបតី បានអរគុណចំពោះការគាំទ្ររបស់បារាំង ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន នាពេលកន្លងមក និងបានគូសបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ៕

To Top