ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Pabitra Margherita អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា បានប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត ។

ការប្តេជ្ញារបស់សម្តេចធិបតី និងអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាខាងលើនេះ ធ្វើឡើងក្នងជំនួបពិភាក្សាការងារ នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួបនេះ លោកអនុរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងបានបង្ហាញអំពីក្តីសប្បាយរីករាយ ដែលបានមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ។

លោកអនុរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ អំពីចំណងមិត្តភាពជាប្រពៃណី និងយូរអង្វែង ឥណ្ឌា-កម្ពុជា និងបានបង្ហាញអំពីការប្ដេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។

ការឆ្លើយតប សម្តេចធិបតី សម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ លើវិស័យជាច្រើន នាពេលកន្លងមក។

ក្នុងនោះសម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរ នៅមានវិស័យសក្ដានុពលជាច្រើនទៀត សម្រាប់កិច្ចសហប្រតិបត្តិការ ហើយកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសាធារណរដ្ឋឥណ្ឌា។

សម្តេចធិបតី និងលោក អនុរដ្ឋមន្រ្តី ក៏បានពិភាក្សា និងឯកភាពគ្នានៅក្នុងការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ មានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, ហិរញ្ញវត្ថុ, សន្តិសុខ និងការពារជាតិ, វប្បធម៌, អប់រំ, សុខាភិបាល, ទេសចរណ៍, ការតភ្ជាប់វិស័យអាកាសចរណ៍, និងវាយនភណ្ឌ ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត៕
