ព័ត៌មានជាតិ

ធនាគារពិភពលោក​ ប្ដេជ្ញាបន្តភាពជាដៃគូ រយៈពេលវែង​ ជាមួយកម្ពុជា

ភ្នំពេញ ៖ លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្ដេជ្ញាបន្តភាពជាដៃគូ រយៈពេលវែង ជាមួយកម្ពុជា តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ លើការគាំទ្រនានា និងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យគន្លឹះ ដូចជា អប់រំ, សុខាភិបាល និងកសិកម្មជាដើម ។

ការប្តេជ្ញា របស់លោកស្រី អនុប្រធានធនាគារពិភពលោក ខាងលើនេះ ធ្វើឡើងនារសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងជំនួបខាងលើ​នេះ លោកលោកស្រី Manuela V. Ferro បានបង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ ចំពោះភាពខ្លាំង និងសក្ដានុពលរបស់កម្ពុជា ទោះបីជានៅក្នុងបរិបទដែលពិភពលោក មានភាពមិនប្រាកដប្រជា កម្ពុជានៅតែរក្សាបាន នូវសេដ្ឋកិច្ចប្រកបដោយភាពធន់ ដែលត្រូវបានកសាងឡើង ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ។ ការណ៍នេះបានធ្វើឱ្យកម្ពុជា ប្រែក្លាយជាប្រទេស ដែលមានការវិវឌ្ឍទៅមុខ ប្រកបដោយថាមពល។ ជាក់ស្ដែង, ក្នុងអំឡុងវិបត្តិកូវីដ-១៩, កម្ពុជាបានក្លាយជាប្រទេស ឈានមុខគេមួយ ដែលសម្រេចបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ។

បន្ថែមលើសពីនេះ លោកស្រី បានអះអាងថា ធនាគារពិភពលោក​ ប្ដេជ្ញាបន្តភាពជាដៃគូ រយៈពេលវែងជាមួយកម្ពុជា តាមរយៈការពង្រឹងកិច្ច សហប្រតិបត្តិការ លើការគាំទ្រនានា និងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យគន្លឹះ ដូចជា៖ អប់រំ, សុខាភិបាល និងកសិកម្ម។

លោកស្រី បានបន្តទៀតថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា គួរពង្រឹងភាពជាដៃគូ​ រវាងវិស័យឯកជន និងរដ្ឋាភិបាល ក៏ដូចជាពង្រឹងសមត្ថភាព វិស័យសក្ដានុពល រួមមាន៖ ថាមពល, កសិកម្ម, កសិ-ឧស្សាហកម្ម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់ ទៅកាន់ទីផ្សារតំបន់ និងសកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីដែលមានស្រាប់។

ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះការរួមចំណែក របស់ធនាគារពិភពលោក ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានលើកឡើងអំពីចក្ខុវិស័យ និងគោលនយោបាយគន្លឹះ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅធានាការអភិវឌ្ឍ ប្រកបដោយភាពធន់ និងចីរភាព។

សម្ដេចធិបតី​ បានគូសបញ្ជាក់ពីការផ្ដោតអាទិភាព លើការកសាងមូលធនមនុស្ស តាមរយៈការពង្រឹងការអប់រំ ចាប់ពីបឋមសិក្សា ដល់មធ្យមសិក្សា និងការដាក់ចេញកម្មវិធីតម្រង់ទិស ជ្រើសរើសជំនាញ ។

បន្ថែមពីនេះ សម្ដេចធិបតី ក៏បានលើកពីកម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ សម្រាប់យុវជន ១,៥លាននាក់ សំដៅពង្រឹងសមត្ថភាព ប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម, កម្មន្តសាល និងខ្សែច្រវាក់ផ្គត់ផ្គង់។

សម្ដេចធិបតី បានបន្តថា រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ លើការពង្រឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម តាមរយៈការដាក់ចេញ គោលនយោបាយ និងយុទ្ធសាស្ត្រប្រកបដោយ ភាពជាក់ស្ដែងនិយម ដើម្បីគាំទ្រ និងធានាភាពរឹងមាំ នៃវិស័យទាំងនេះ។

សម្ដេចធិបតី បានជំរុញលើកទឹកចិត្ត ឱ្យធនាគារពិភពលោក បន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចធិបតី និងលោកស្រី ក៏បានពិភាក្សាផ្លាស់ប្ដូរមតិយោបល់ក្នុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពលមួយចំនួន រួមមាន៖ ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន, វិស័យឌីជីថល, ថាមពលកកើតឡើងវិញ, អប់រំ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាដើម៕

To Top