ព័ត៌មានអន្តរជាតិ

រុស្ស៊ី បាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើកអ៊ុយក្រែន ៦គ្រឿង ដែលតម្រង់គោលដៅលើទីក្រុងមូស្គូ

RT News

មូស្គូ៖ អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានឲ្យដឹងថា កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក អ៊ុយក្រែនចំនួន ៦គ្រឿង ដែលប៉ុនប៉ងវាយប្រហារទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ។

លោក Sobyanin បានសរសេរនៅក្នុងបណ្តាញ Telegram របស់លោកថា អ្នកឯកទេសមកពីសេវាសង្គ្រោះបន្ទាន់កំពុងធ្វើការ នៅកន្លែងធ្លាក់នៃកំទេចកំទីរបស់យន្ដហោះគ្មានមនុស្សបើក ដែលត្រូវបានបាញ់ទម្លាក់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកអភិបាលក្រុងបានលើកឡើងថា “យន្តហោះគ្មានមនុស្សបើករាប់ពាន់គ្រឿង ត្រូវបានបាញ់បង្ហោះនៅទីក្រុងមូស្គូ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ នៅទីបញ្ចប់ មានតែមួយចំនួនតូចប៉ុណ្ណោះដែលអាចទៅដល់ និងធ្លាក់ក្នុងទីក្រុងមូស្គូ។ មិនមានការខូចខាតធ្ងន់ធ្ងរណាមួយត្រូវបានធ្វើឡើងនោះទេ”។

គួរបញ្ជាក់ថា ការវាយលុកដោយយន្ដហោះគ្មានមនុសសបើក ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយរុស្ស៊ី និងអ៊ុយក្រែន ដើម្បីវាយប្រហារគ្នាទៅវិញទៅមក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top