កំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា គុណភាពអប់រំដែលសំខាន់ គឺគ្រូបង្រៀន ទោះបីជាមានសម្ភារគ្រប់គ្រាន់ក្នុងសាលារៀនក៏ដោយ ប៉ុន្ដែបើមានកង្វះខាតនូវគុណវុឌ្ឍិគ្រូបង្រៀន ក៏មិនអាចផ្ដល់ការអប់រំដល់សិស្សបានដែរ។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ និងអាណត្តិនេះ បានបន្តវិនិយោគលើការបណ្ដុះបណ្ដាលគុណវុឌ្ឍិគ្រូបង្រៀន។
សម្តេចធិបតី មានប្រសាសន៍ថា «គុណភាពអប់រំដែលសំខាន់ គឺពាក់ព័ន្ធជាមួយគ្រូ យើងមានឧបកណ៍ យើងមានមេរៀនល្អ យើងមានចង់កុំទ្យូទ័រ យើងមានភ្លើង ក៏ដោយ បើសិនជាយើងអត់មានគ្រូគ្រប់គ្រាន់ ឬមួយគ្រូដែលគុណភាព យើងពិបាក។ ព្រោះសិស្សអត់ចេះទេ សិស្សទៅរៀន ពឹងលើគ្រូទាំងមូលហើយ»។
សម្តេចធិបតី បន្ដថា ដូច្នេះ សមត្ថភាពរបស់គ្រូ នៅក្នុងការបង្រៀន នូវភាពច្បាស់លាស់របស់គ្រូ គឺជាការចាំបាច់ ដែលរាជរដ្ឋាភិបាល បានអនុវត្ត និងខិតខំយកចិត្តទុកដាក់ ក្នុងការពង្រឹង គុណវុឌ្ឍិរបស់គ្រូបង្រៀន។
ទន្ទឹមនឹង សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា គោលដៅរបស់រាជរដ្ឋាភិបាល គឺចង់ឱ្យគ្រប់សាលារៀនទាំងអស់ មានបំពាក់ឧបករណ៍សិក្សារៀន សូត្រទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាពសិក្សារបស់សិស្ស ខណៈបច្ចុប្បន្នសាលារៀន ភាគច្រើន គឺមានបំពាក់សម្ភារសិក្សាទំនើប និងមានការច្នៃប្រឌិតផងដែរ៕
