ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ ថ្លែងឱ្យដឹងថា អ្វីដែលកម្ពុជាត្រូវបារម្ភ គឺកង្វះកម្លាំងពលកម្មសម្រាប់រោងចក្រ សហគ្រាស ដែលកំពុងដំណើរការ និងគ្រោងដំណើរការរាប់រយបន្ថែមទៀត។

លោកបន្តថា អត្រាពន្ធរបស់អាម៉េរិកនេះ គឺជារឿងសកល ដែលមិនមែនជារឿងដាច់ដោយ ឡែករបស់កម្ពុជានោះឡើយ ពោលគឺ ឡាវជាប់អត្រាពន្ធ ៤0% មីយ៉ាន់ម៉ា ៤0% ថៃ ៣៦% បង់ក្លាដែស ៣៥% ឥណ្ឌូនេស៊ី ៣២% និង កម្ពុជា ៣៦%។ សម្រាប់កម្ពុជា ក្រោយពីការចរចាពន្ធ កម្ពុជាទទួលបានការកាត់ បន្ថយពន្ធច្រើនជាងប្រទេសដទៃទៀត នៅក្នុងតំបន់អាស៊ីពី ៤៩%មកត្រឹម ៣៦%។

លោកកត់សម្គាល់ឃើញថា ពន្ធរបស់អាម៉េរិកនៅក្នុងអាណត្តិលោក ដូណាល់ ត្រាំ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ដែលមានរយៈពេលតែ ២ឆ្នាំទៀតប៉ុណ្ណោះ ព្រោះអាមេរិកនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដែលនឹងធ្វើឱ្យរោងចក្រសហគ្រាសនៅតែបន្តរកស៊ី ក្នុងប្រទេសកម្ពុជា។ ចំណែកឯរោងចក្រធំៗវិញ គឺមានទីផ្សារទូទាំងពិភពលោក ដូចនេះពួកគេអាចបង្វែរ ទីផ្សារទៅកាន់ប្រទេសអឺរ៉ុប កាណាដា អូស្រ្តាលី ជប៉ុន អង់គ្លេស និងចិនជាដើម។ ប៉ុន្តែ រោងចក្រតូចៗ ដែលទទួលការបញ្ជាទិញបន្តច្រើនតង់ គ្មានទីផ្សារច្បាស់លាស់នឹង បាត់បង់ការប្រកួតប្រជែង។

លោកថា៖ “រោងចក្រខ្នាតអន្តរជាតិដូចជា H&M, GAP, PUMA និង NIKE ជាដើម នឹងមិនរើរោងចក្រពីប្រទេសកម្ពុជានោះទេ ព្រោះរោងចក្រធំៗទាំងនេះ មានទីផ្សារច្រើនក្រៅពីអាម៉េរិកដូចជា ទីផ្សារអឺរ៉ុប អង់គ្លេស ជប៉ុន ចិន កាណាដា និងអូស្ត្រាលីជាដើម”។
បន្ថែមពីនេះ ក្រៅពីកម្លាំងពលកម្មរបស់កម្ពុជា មានផលិតភាពខ្ពស់ វិនិយោគិនក៏ទទួលបាននូវការសម្រួលយ៉ាងល្អប្រសើរ ពីសំណាក់រដ្ឋាភិបាលកម្ពុជា ហើយសូម្បីក្រសួងការងារ ក៏បានកាត់បន្ថយសេវាជាច្រើន ដើម្បីសម្រួលដល់វិនិយោគដែរ ។

អ្នកនាំពាក្យរូបនេះ មើលឃើញថា ការរើរោងចក្រត្រូវចំណាយពេលយូរ និងមាននីតិវិធីស្មុគស្មាញ ត្រូវចុះបញ្ជី ទិញ/ជួលទីតាំងដី និងសំណង់ និងត្រូវសាងសង់ រៀបចំប្រព័ន្ធគ្រប់គ្រងក្នុងរោងចក្រ ហើយការរើសបុគ្គលិក និងការផ្តើមប្រតិបត្តិការ គឺមិនអាចធ្វើឱ្យរោងចក្រធំៗ ជ្រើសរើសការរើចេញនោះឡើយ ។

ក្រៅពីបញ្ហាពន្ធអាមេរិកចំនួន ៣៦% កម្ពុជាកំពុងរីករាយនឹងគម្រោងវិនិយោគ នៅក្នុងប្រទេសកម្ពុជាមានចំនួន ៣៧៣ ជាមួយនឹងទុនវិនិយោគ ៥,៨ ប៊ីលានដុល្លារអាម៉េរិក និងបង្កើតឱកាសការងារប្រមាណជាង ២៥ម៉ឺនកន្លែង ជូនប្រជាពលរដ្ឋកម្ពុជា ។ ត្រង់ចំណុចនេះ អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ការសម្រេចចិត្តរបស់វិនិយោគបរទេស ដែលមានទាំងក្រុមហ៊ុន អាម៉េរិកផង ក៏បានដឹងពីពន្ធរបស់អាម៉េរិកដែរ ប៉ុន្តែនៅតែមកបោះទុន វិនិយោគ នោះមានន័យថា ពន្ធអាម៉េរិករយៈពេលខ្លីនេះ គឺប្រហែលជាមិនមែន ជាការព្រួយបារម្ភធំដុំទេ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវ ដល់សង្គមស៊ីវិល សហជីព និងអ្នកនយោបាយមួយចំនួនតូច កុំប្រើប្រាស់លេស ការតម្លើងពន្ធរបស់អាម៉េរិកមកលើកម្ពុជា ជាឈ្នាន់នយោបាយ បំភិតបំភ័យកម្មករ និងពលរដ្ឋស្លូតត្រង់ ហើយគួរប្រកាន់យក ប្រយោជន៍ជាតិដ៏ឧត្តុង្គឧត្តមជំនួសវិញ ៕

