ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកទឹកចិត្ត ក្រុមនិស្សិត ជ័យលាភី អាហារូបករណ៍រដ្ឋាភិបាលហុងគ្រី សិក្សាឈ្វេងយល់បន្ថែម ពីអ្វីដែលជាមោទនភាព របស់ខ្មែរ

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកទឹកចិត្ត ក្រុមនិស្សិត​ជ័យលាភីអាហារូបករណ៍ រដ្ឋាភិបាលហុងគ្រី ក្នុងការខិតខំសិក្សាឈ្វេងយល់បន្ថែមពីអ្វី ដែលជាមោទនភាពរបស់ខ្មែរ ដោយផ្តើមពីការយល់ច្បាស់ពីអតីកាល នាំឱ្យកម្ពុជាឈានមកដល់ពេលបច្ចុប្បន្ន។

នាឱកាសទទួលជួប និងផ្តល់អនុសាសន៍ ជូនដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលហុងគ្រី មុនចេញដំណើរបន្តការសិក្សា នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល លោកឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ បានចែករំលែកនូវបទពិសោធ និងទស្សនៈមួយចំនួនពីការទៅបន្តការសិក្សានៅក្រៅប្រទេស ដែលខ្លួនធ្លាប់បានឆ្លងកាត់ និងជំរុញចិត្តដល់និស្សិតទាំងអស់ ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជាពីសាលា ក្នុងតួនាទីជាអ្នកផ្សព្វផ្សាយ និងធ្វើឱ្យគេស្គាល់ពីកម្ពុជា ដោយភាពជាតំណាងប្រទេសកម្ពុជា និងប្រជាជនខ្មែរ។

ក្នុងចំណុចនៃភាពជាតំណាងកម្ពុជានេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តក្រុមនិសិ្សត ក្នុងខិតខំសិក្សាឈ្វេងយល់បន្ថែមពីអ្វី ដែលជាមោទនភាពរបស់ខ្មែរ ផ្តើមពីការយល់ច្បាស់ពីអតីកាល ដែលនាំឱ្យកម្ពុជាឈានមកដល់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដែលកើតចេញ ពីការលះបង់ទាំងកម្លាំងកាយចិត្ត និងបញ្ញាស្មារតី របស់របស់ថ្នាក់ដឹកនាំជាឥស្សរជនគ្រប់ជំនាន់ និងគ្រប់ដំណាក់កាល នៃដំណើររបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានបង្ហាញពីឆន្ទៈ និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការរួមចំណែកដ៏សំខាន់នៅក្នុងដំណើរវិវត្ត និងការអភិវឌ្ឍរបស់កម្ពុជា ឆ្ពោះទៅមុខផងដែរ ។

លោក បានបង្ហាញ សុទិដ្ឋិនិយមខ្ពស់ចំពោះសមត្ថភាព និងសក្តានុពលធនធានមនុស្សកម្ពុជា ក្នុងការប្រើប្រាស់ សមត្ថភាពរបស់ខ្លួន ក្នុងបុព្វហេតុ កសាងកម្លាំងរួម និងកសាងសមត្ថភាព ក្នុងការអភិវឌ្ឍប្រទេសជាតិ សម្រាប់អ្នកជំនាន់ក្រោយ ដោយគូសបញ្ជាក់ថា ភាពជោគជ័យ របស់និស្សិតទាំងអស់គ្នា នាពេលនេះ គឺជាភាពជោគជ័យរបស់របស់ខ្លួនផង ក្រុមគ្រួសារផង ហើយក៏ជាភាពជោគជ័យនៃសង្គមជាតិ និងប្រទេសជាតិ ព្រោះយើងទាំងអស់គ្នា មានការផ្សារភ្ជាប់អនាគត របស់យើងទៅនឹងអនាគតរបស់ប្រទេសកម្ពុជា ៕

To Top