បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលបាននិងកំពុងពង្រីកការចូលដោយគ្មានទិដ្ឋាការជាលំដាប់ក្នុងបំណងជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច និងអំណាចទន់របស់ខ្លួន។ យោងតាមរដ្ឋបាលអន្តោប្រវេសន៍ជាតិបានឱ្យដឹងថា ភ្ញៀវទេសចរបរទេសជាង ២០ លាននាក់បានចូលប្រទេសចិនដោយគ្មានទិដ្ឋាការក្នុងឆ្នាំ ២០២៤ ដែលស្ទើរតែមួយភាគបីនៃចំនួនសរុប និងច្រើនជាងពីរដងធៀបនឹងឆ្នាំមុន។
លោក Georgi Shavadze ជនជាតិហ្សកហ្ស៊ី រស់នៅក្នុងប្រទេសអូទ្រីស បាននិយាយក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់ប្រាសាទឋានសួគ៌ ក្នុងទីក្រុងប៉េកាំងថា “នេះពិតជាជួយមនុស្សក្នុងការធ្វើដំណើរព្រោះវាមានភាពលំបាកក្នុងការស្នើសុំទិដ្ឋាការ និងឆ្លងកាត់ដំណើរការ”។
ខណៈពេលដែលតំបន់ទេសចរណ៍ភាគច្រើននៅតែសំបូរទៅដោយអ្នកទេសចរក្នុងស្រុកច្រើនជាងជនបរទេស ក្រុមហ៊ុនទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ នៅពេលនេះកំពុងត្រៀមខ្លួនសម្រាប់ការហូរចូលកាន់តែធំនៅក្នុងការរំពឹងទុកនៃអ្នកទៅលេងក្នុងរដូវក្តៅដែលនឹងមកដល់ប្រទេសចិន៕
ប្រែសម្រួលៈ ណៃ តុលា
