ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ចាត់មន្ត្រីជំនាញជួយអន្តរាគមន៍ពលករខ្មែរម្នាក់ មានជំងឺធ្ងន់ធ្ងរនៅថៃ ដេីម្បីយកមកព្យាបាលនៅកម្ពុជាវិញ

ប៉ៃលិន ៖ បន្ទាប់ពីទទួលបានព័ត៌មានថាមានពលករខ្មែរម្នាក់ មានជំងឺធ្ងន់ធ្ងរ នៅប្រទេសថៃ ត្រូវបានគេទុកចោលមិនព្យាបាល លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យមន្ត្រីជំនាញច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងក្រុមគ្រូពេទ្យ ចុះសម្របសម្រួល ដើម្បីយកពលករខ្មែរនោះមកធ្វើការព្យាបាលភ្លាមៗ នាថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ២០២៥។

ពលករមានជំងឺ ដែលថៃទុកចោលមិនព្យាបាល មានឈ្មោះ ស្កា ស៊ុ ភេទប្រុសអាយុ ៤៤ឆ្នាំ មានស្រុកកំណើត នៅភូមិដូង ឃុំរូងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយធ្វើជាពលករបេះផ្លែឈើ នៅប្រទេសថៃ មានរោគសញ្ញាអស់កម្លាំងឈឺក្បាល វិលមុខ រាគ ភ្នែកក្រហម ចេញទទួលក្រហមពេញខ្លួន ហើយធ្លាប់មានជំងឺតេតាណុស បើតាមការសន្និដ្ឋានបឋម របស់ក្រុមគ្រូពេទ្យប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ អាចជាជំងឺគ្រុនឈាម ឬជំងឺគ្រុនឈិក។

បើតាមបញ្ជាក់របស់ លោក ប៉ិច ប៊ិន ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឱ្យដឹងថា លោកស្រីអភិបាលខេត្ត បានចាត់ឱ្យក្រុមការងារធ្វើការ ទំនាក់ទំនងភ្លាមៗ ដើម្បីបញ្ជូនពលករខ្មែរ យកមកព្យាបាលបានទាន់ពេលវេលា ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ ពីសំណាក់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងជូនដំណើរត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីជំងឺបានជាសះស្បើយ។

លោក ប្រធានទីស្នាក់ការច្រកទ្វារ បានបន្តថា នេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ពលករចំណាកស្រុក ដែលវិលត្រឡប់មកពីប្រទេសថៃ របស់លោកស្រី អភិបាលខេត្ត ហើយសកម្មភាពនេះ មិនត្រឹមតែជាការលើកទឹកចិត្ត ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពជាក់ស្តែង ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានា ដែលបងប្អូនពលករ បានជួបប្រទះ តាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

To Top