ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ស្នើធនាគារអាហរ័ណ-នីហរ័ណកូរ៉េ បន្តគាំទ្រគំនិតផ្តួចផ្តើមនានា របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ តាមរយៈលោកស្រី Minnie Chey នាយិកាធនាគារ អាហរ័ណ-នីហរ័ណកូរ៉េ ប្រចាំនៅកម្ពុជា ​បានស្នើធនាគារអាហរ័ណ-នីហរ័ណកូរ៉េ បន្តគាំទ្រគំនិតផ្តួចផ្តើមនានា របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដូចជា ការអភិវឌ្ឍភូមិគំរូគន្លឹះ នៅជនបទរបស់ក្រសួង ដែលជាផែនការសកម្មភាពមួយ ដែលក្រសួងកំពុងយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យតំបន់ជនបទ មានការអភិវឌ្ឍន៍ឆាប់រហ័ស។

ជាការឆ្លើយតប លោកស្រី Minnie Chey បានមានប្រសាសន៍ កោតសសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ រវាង ក្រសួងអភិវឌ្ឍន៍ជនបទ និង Korea Eximbank ក្នុងការអនុវត្តគម្រោងក្រោមហិរញ្ញប្បទាន EDCF នាពេលកន្លងមក។ ក្នុងបេសកម្មរបស់លោកស្រីអស់រយៈពេលជាង ៣ឆ្នាំ កន្លងមកនេះ បានយល់យ៉ាងច្បាស់អំពីសារៈសំខាន់នៃផ្លូវជនបទ ដែលជាសរសៃ ឈាមសេដ្ឋកិច្ចមួយ ដែលមិនអាចខ្វះបាន។ លើសពីនេះផ្លូវទាំងនោះត្រូវមានទាំងគុណភាព និងបរិមាណ ទើបអាចបំរើដល់តម្រូវការ របស់ប្រជាពលរដ្ឋបាន។ ក្នុងន័យនេះលោកស្រី ក៏បានទទួលយកសំណើរ របស់លោករដ្ឋមន្ត្រី ក៏ដូចជាបានសន្យាបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងភាពជាដៃគូបន្ថែមទៀត។

ការស្នើនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តីអនុញ្ញាតឱ្យលោកស្រី Minnie Chey នាយិកាធនាគារអាហរ័ណ-នីហរ័ណកូរ៉េ ប្រចាំនៅកម្ពុជានិងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលាក្រោយបញ្ចប់បេសកម្មនៅកម្ពុជា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូនានា ជាពិសេស ជាមួយធនាគារ អាហរ័ណ-នីហរ័ណកូរ៉េ ក្នុងការអភិវឌ្ឍន៍កម្ពុជា ឱ្យមានការរីកចម្រើន ។ ជាក់ស្តែងរយៈពេល ១៥ឆ្នាំ កន្លងមកនេះ មូលនិធិ EDCF តាមរយៈធនាគារ អាហរ័ណ-នីហរ័ណកូរ៉េ ផ្តល់នូវឥណទាន សម្បទានប្រមាណ ១ ៩៤៦លានដុល្លារអាមេរិក ដែលធ្វើឱ្យកម្ពុជា ក្លាយជាប្រទេស ដៃគូធំបំផុតទី៣ របស់ EDCF។ កិច្ចសហប្រតិបត្តិការនេះ បានឈានទៅមួយកម្រិតទៀត ក្រោយដំណើរទស្សកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅឯសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ ដែលសាធារណរដ្ឋកូរ៉េប្តេជ្ញាចិត្តបង្កើនការផ្តល់ឥណទានសម្បទានរហូតដល់ ៣ ០០០ លានដុល្លារអាមេរិក សម្រាប់កម្ពុជាពីឆ្នាំ២០២២-២០៣០ ។ ក្រោមហិរញ្ញប្បទាន EDCF ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបានគម្រោងចំនួន ៧ គម្រោង ដែលមានថវិកា សរុបប្រមាណ ជាង ៤០០ លានដុល្លារអាមេរិក ។ គម្រោងទាំងនោះ បាននិងកំពុងស្ថាបនា ជាផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុងប្រវែងជាង ១ ៧០០ គ.ម និងស្ពានបេតុងចំនួន ៤២ ប្រវែងប្រមាណ២,៤គ.ម ព្រមទាំងសំណង់សិល្បការ្យជាច្រើន។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះលោកស្រី និងសហការី ដែលបានអញ្ជើញមក និងបានធ្វើការថ្លែងអំណរគុណ ចំពោះការប្តេជ្ញាចិត្ត ក្នុងការពង្រឹងភាពជាដៃគូរវាង ធនាគារអាហរ័ណ-នីហរ័ណកូរ៉េ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្ត្រី ក្នុងនាមក្រសួងអភិវឌ្ឍន៍ជនបទក៏បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហការជាមួយគ្នាដោយខិតខំ ជម្រុញការអនុវត្តគម្រោងអោយមានប្រសិទ្ធភាពខ្ពស់៕

To Top