បរទេស ៖ អតីតរដ្ឋមន្ត្រីមហាផ្ទៃលោក Anutin Charnvirakul បានបង្ហាញឱ្យដឹងថា ប្រធានាធិបតីចិន លោក Xi Jinping បានជំរុញឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ទម្លាក់ “សេចក្តីព្រាងច្បាប់ ស្តីអំពីកាស៊ីណូ” របស់គណបក្សភឿថៃ ឬរំពឹងថា នឹងមានផលប៉ះពាល់ អវិជ្ជមានលើវិស័យទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគី ។ លោក Anutin បានអះអាងថា លោក Xi បានលើកឡើងពីបញ្ហានេះ ក្នុងអំឡុងពេលកិច្ចប្រជុំកម្រិតខ្ពស់ ក្នុងទីក្រុងប៉េកាំង ។
យោងតាមសារព័ត៌មាន PBS របស់ថៃ ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Anutin ថា “ប្រធានាធិបតីចិនបានផ្តល់យោបល់ទៅលោកស្រី Paetongtarn ក្នុងឱកាសបីដាច់ដោយឡែកពីគ្នា ក្នុងកិច្ចប្រជុំដែលខ្ញុំក៏បានចូលរួមក្នុង នាមជារដ្ឋមន្ត្រីមហាផ្ទៃផងដែរ” ដោយបន្ថែមថា លោកបានកត់ត្រាយ៉ាងលម្អិត ព្រោះវាពាក់ព័ន្ធនឹងក្រសួងរបស់លោក។
សេចក្តីថ្លែងការណ៍របស់លោក Xi ក៏ត្រូវបានបញ្ចូលក្នុងកំណត់ហេតុ នៃកិច្ចប្រជុំដែលបានឯកភាពគ្នាផងដែរ។
លោក Anutin បានកត់សម្គាល់ថា “លោកប្រធានាធិបតី Xi បាននិយាយដោយផ្ទាល់ថា ប្រសិនបើប្រទេសថៃ បន្តអនុវត្តគោលនយោបាយនេះ ប្រទេសចិននឹងត្រូវបង្ខំឱ្យដាក់ចេញនូវវិធានការតបត ដែលនឹងប៉ះពាល់ដល់ទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ របស់ចិននៅក្នុងប្រទេសថៃ” ។
លោកបានអះអាងថា ខណៈពេលដែលទីក្រុងប៉េកាំង មិនអាចកំណត់គោលនយោបាយថៃបាន ការមិនអើពើនឹងការព្រមានច្បាស់លាស់បែបនេះ គឺមិនសមហេតុផលនោះទេ ដោយបន្ថែមថា “ភាពព្រងើយកន្តើយ របស់រដ្ឋាភិបាលថៃ និងការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការជំរុញច្បាប់កាស៊ីណូនេះទៅមុខ ទោះបីជាចិនបង្ហាញការព្រួយបារម្ភម្តងហើយម្តងទៀតក៏ដោយ ប៉ុន្តែវានឹងប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី” ។
លោកបានចង្អុលបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំង នៃការមកដល់របស់ភ្ញៀវទេសចរចិន ដែលធ្លាក់ចុះជាង 90% ជាភស្តុតាង នៃផលវិបាក ដោយអះអាងថា វាបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់វិស័យទេសចរណ៍ របស់ប្រទេសថៃ ជាពិសេសអាជីវកម្ម ដែលពឹងផ្អែកលើអតិថិជនចិន៕
